បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងដោយបាល់ពិន័យ ១១ម៉ែត្រឱ្យប្រេស៊ីលយកឈ្នះដល់ទឹកដីកូរ៉េ ៥-១ ក្នុងជំនួបមិត្តភាពអន្តរជាតិនៅទីក្រុងសេអ៊ូលថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ពីរគ្រាប់នេះគឺជាគ្រាប់ទី៧២ និង ៧៣ សំរាប់ Neymar ឱ្យក្រុមជំរើសជាតិប្រេស៊ីលកាន់តែកៀកនឹងកំណត់ត្រារបស់ Pele ដែលរកបាន ៧៧គ្រាប់ឱ្យក្រុមជំរើសជាតិប្រេស៊ីល។ Neymar បានរងរបួសជើងស្តាំរបស់ខ្លួនអំឡុងការហ្វឹកហាត់កាលពីថ្ងៃពុធ ធ្វើឱ្យអ្នកគាំទ្រកូរ៉េដែលចង់ឃើញ Neymar ចូលលេងស្ទើតែខកចិត្តទៅហើយ តែបែជាចូលលេងវិញបាន និងរកបានពីរគ្រាប់ស្របពេលដែលមិត្តរួមក្រុម Richarlison, Philippe Coutinho និង Gabriel Jesus សុទ្ធតែរកគ្រាប់បាល់បាន។ ប្រេស៊ីលនៅមិនទាន់អស់ការប្រកួតមិត្តភាពនៅលើទឹកដីអាស៊ីនៅឡើយ ពោលគឺនឹងត្រូវបន្តជួបជាមួយជប៉ុននៅទីក្រុងតូក្យូថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ស្របពេលកូរ៉េត្រូវទទួលស៊ីលីក្នុងថ្ងៃជាមួយគ្នានោះ៕
អត្ថបទ៖នាង សុភាវុធ