បាត់ដំបង៖ លោក លឹម ផាន់ភារៈ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងជាប្រធានក្រុមការងារគណបក្ស ឃុំកោះជីវាំង តំណាងលោក សេង យូអ៊ាន់ ប្រធានក្រុមការងារគណបក្សស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា បិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំកោះជីវាំង នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដែលមានសមាជិក សមាជិកា ចូលរួម ៩៨៩នាក់ប្រើប្រាស់ទូកតូច ធំ ចំនួន ១៣៨ទូក។
លោក លឹម ផាន់ភារៈ បានបង្ហាញពីសមិទ្ធផលសំខាន់ៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីការរំដោះប្រជាជនចេញពីរបបប៉ុលពត រហូតដល់ការជួយសង្រ្គោះជីវិតពលរដ្ឋចេញពីវិបត្តិកូវីដ១៩ ឈានដល់ការបើកដំណើរការប្រទេសឡើងវិញ ដែលបច្ចុប្បន្នប្រជាពលរដ្ឋទូទាំងប្រទេសរស់នៅក្រោមដំបូលនៃសន្តិភាព និង ការអភិវឌ្ឍ ។
ជាមួយគ្នានោះដែរ ក្រុមការងារគណបក្សប្រជាជនឃុំកោះជីវាំងក៏បានផ្សព្វផ្សាយពីគោលនយោយបាយសំខាន់ៗក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ដោយផ្តោតទៅការពង្រឹងវិស័យសុខាភិបាល ការអប់រំ អនុវត្តនូវភូមិឃុំមានសុត្ថិភាព ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានមួយនេះ ។ដោយហេតុថា ប្រជាពលរដ្ឋភាគច្រើននៅឃុំកោះជីវំាង រស់នៅលើទឹក ដូច្នេះការគិតគូរពីសុខភាពរបស់ពួកគាត់គឺជាកត្តាអាទិភាពបំផុត ជាក់ស្តែងកាលអំឡុងវិបត្តិកូវីដ១៩កន្លង ប្រជាពលរដ្ឋពលរដ្ឋនៅក្នុងឃុំកោះជីវាំង បានទទួលវ៉ាក់សាំងគ្រប់គ្នាដោយក្រុមកាងារបានដឹកជញ្ជូនវ៉ាក់សាំងទៅចាក់ជូនពួកគាត់ដល់ខ្នងផ្ទះ ។
ក្រៅពីនេះ ជាគោលនយោបាយសំខាន់មួយទៀត គឺក្រុមការងារគណបក្សប្រជាជនកម្ពុជា បានផ្តោតសំខាន់ផងដែរទៅលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋដោយជម្រុញលើវិស័យទេសចរណ៍មូលដ្ឋាន។ ដោយហេតុថាឃុំកោះជីវំាងមានសក្តានុពលលើវិស័យទេសចរណ៍បែបធម្មជាតិ ដូច្នេះហើយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាបានសន្យាក្នុងការរៀបចំផែនការ បណ្តុះបណ្តាលអប់រំពលរដ្ឋអោយពួកគាត់រៀបចំភូមិឋាន ការរស់នៅប្រកបដោយអនាម័យ បរិស្ថានល្អ បដិសណ្ឋារកិច្ចល្អ ជូនទៅដល់ភ្ញៀវដែលទៅទស្សនាសត្វស្លាប និង ស្នាក់នៅកម្សាន្តនៅមូលដ្ឋានមួយនេះដែលនឹងផ្តល់នូវប្រាក់ចំនូលសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។
សូមបញ្ជក់ថា ឃុំកោះជីវាំង មានភូមិចំនួន៥ គឺភូមិថ្វាង ភូមិកំពង់ប្រហុក ភូមិអន្លង់តាអួរ ភូមិព្រែកទាល់ និង ភូមិក្បាលតោល៕ អត្ថបទ៖ ដាវណ្ណ









