រតនគិរី៖ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តរតនគិរី បានធ្វើការដង្ហែរក្បួនដ៏អធិកអធមដោយមានការចូលរួមពីសមាជិកសមាជិកាច្រើនកុះករ។
ឯកឧត្ដម ជៀង អំ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តរតនគិរី លោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី បានដឹកនាំការហែរក្បួនឃោសនាស្វែងរកសំឡេងឆ្នោត។
ឯកឧត្ដម ជៀង អំ បានអំពាវនាវទៅកាន់សមាជិក សមាជិកា គណបក្សថា ប្រជាជន ត្រូវគោរពឱ្យ បានហ្មត់ចត់នូវច្បាប់បោះឆ្នោត បទបញ្ជារនិតិវិធី នៃការបោះឆ្នោតរហូតការបោះឆ្នោតចប់ជាស្ថាពរ។ កុំធ្វើទង្វើណាដែលច្បាប់ហាមឃាត់។ កុំពិសារគ្រឿងស្រវឹង និងលក់គ្រឿងស្រវឹងនៅថ្ងៃស្អែក និងថ្ងៃខានស្អែក គឺនៅថ្ងៃទី៤ និងថ្ងៃទី៥ ដូចមាននៅក្នុងសារាចរណែនាំរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម បានរំលឹកសមាជិក សមាជិកា និងក្រុមគ្រួសារ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវត្រៀមឱ្យគ្រប់ ឯកសារបម្រើដល់ការបោះឆ្នោត និងទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី០៥ ខែមិថុនា នេះ។
សម្រាប់ថ្ងៃបិទបញ្ចប់យុទ្ធនាការរកសំឡងឆ្នោតនេះ គឺបានប្រព្រឹត្តទៅក្រោមការឃ្លាំមើលពីអ្នក សង្កេតការណ៍នានា និងក្រោមការការពារសន្តិសុខសារធារណៈ ពីសំណាក់កងកម្លាំងមានសមត្ថកិច្ច របស់ ខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនានា ប្រព្រឹត្តទៅប្រកបដោយភាពរលូន។
ខេត្តរតនគិរី មានចំនួន៥០ឃុំ/សង្កាត់ ហើយមានគណបក្សនយោបាយចំនួន៦ បានដាក់បេក្ខជន របស់ខ្លួនប្រកួតប្រជែងដណ្ដើមអសនក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥នេះ៕