សហភាពអឺរ៉ុប៖ មន្ត្រីសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានចាត់ទុកកិច្ចព្រមព្រៀងរបស់ប្លុកអឺរ៉ុប ក្នុងការហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីភាគច្រើននៅចុងឆ្នាំនេះថា វិធានការនេះពិតជាសំខាន់មិនធ្លាប់មានពីមុនមក។ បណ្តាមេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃចន្ទ ដើម្បីកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីប្រមាណ 90% ក្នុងរយៈពេលប្រាំមួយខែខាងមុខ ជាការផ្លាស់ប្តូរខ្លាំងដែលត្រូវបានគេចាត់ទុកថា មិននឹកស្មានដល់ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ។

បម្រាមបានគ្របដណ្តប់លើប្រេងរបស់រុស្ស៊ីដែលនាំចូលមកតាមសមុទ្រ អនុញ្ញាតឱ្យមានការលើកលែងបណ្តោះអាសន្ន សម្រាប់ការនាំចូលដែលបញ្ជូនតាមបំពង់បង្ហូរប្រេង។ ប្លុកអឺរ៉ុបទាំង 27ប្រទេសពឹងផ្អែកលើប្រទេសរុស្ស៊ីមាន25% នៃប្រេងឥន្ធនៈ និង 40% នៃឧស្ម័នធម្មជាតិ ហើយបណ្តាប្រទេសនៅអឺរ៉ុបដែលពឹងផ្អែកខ្លាំងលើរុស្ស៊ី បានស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពនេះ។ ថ្លែងនៅក្នុងវេទិកាសន្តិសុខពិភពលោកនៅប្រទេសស្លូវ៉ាគីកាលពីថ្ងៃព្រហស្បតិ៍លោក Maros Sefcovic អនុប្រធានគណៈកម្មការអឺរ៉ុបសម្រាប់ទំនាក់ទំនងអន្តរស្ថាប័ន បានទទួលស្គាល់ថាវាត្រូវការពេលវេលាសម្រាប់មេដឹកនាំដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ។
លោក Levan Davitashvili រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសហ្សកហ្ស៊ីបាននិយាយថា លោកគិតថា ពេលនេះជាពេលដែលប្រទេសនានាកំពុងសម្លឹងមើលដំណោះស្រាយថាមពលបៃតង និងបានអំពាវនាវឱ្យមានការគាំទ្របន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្ម៕
អត្ថបទ៖ ប៊ុនថន