ភ្នំពេញ៖ នៅក្នុងឱកាសការចូលរួមហែរគណបក្សឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៥ នៅថ្ងៃទី៣ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនេះ បណ្តាពលរដ្ឋ និងបណ្តាសកម្មជនគណបក្សនយោបាយនានា នៅរាជធានីភ្នំពេញ បានថ្លែងការសប្បាយចិត្ដជាខ្លាំង ខណៈគេបានចូលរួមឃោសនាបោះឆ្នោតជូនគណបក្សដែលគេស្រឡាញ់។
បើតាមពលរដ្ឋនៅសង្កាត់អូឬស្សី បានថ្លែងថា នៅថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អណត្តិទី៥ ហើយគេឃើញមានបណ្តាអ្នកគាំទ្រ និងសកម្មជនគណបក្សនយោបាយជាច្រើនបានធ្វើសកម្មភាពហែរគណបក្ស ឃោសនាអោយពលរដ្ឋអញ្ជើញទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត។
សម្រាប់ទិដ្ឋភាពនៃ ការហែរគណបក្សឃោសនាបោះឆ្នោតនេះ សំគាល់ឃើញថា បណ្តាសកម្មជនគណបក្សនយោបាយគឺបានគោរពក្រមសីលធម៌ គោរពគោលការណ៍ណែនាំ និងច្បាប់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និងបានធ្វើអោយសកម្មភាពនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសឃុំសង្កាត់អណត្តិទី៥នេះ គឺបានធ្វើឡើងរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនានេះ ហើយនៅថ្ងៃអាទិត្យទី៥ ខែមិថុនាខានស្អែក សូមបណ្តាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា៕ អត្ថបទ ស៊ុម សុខជា