ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្រើនរំលឹកដល់បងប្អូនជនរួម ជាតិទាំងអស់ ពេលទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ ខែមិថុនា ខាងមុខនេះ គប្បីបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួនជានិច្ច ដោយត្រូវមានអាកុល និងពាក់ម៉ាស ដើម្បីការពារមេរោគកូវីដ១៩ បើទោះបីជាបច្ចុប្បន្នប្រទេសកម្ពុជាយើង ពុំមានករណីឆ្លងថ្មីក៏ដោយ។
ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនជនរួមជាតិជាថ្មីម្តងទៀត សូមមេត្តាកុំលក់នូវគ្រឿងស្រវឹង ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី៥ខែមិថុនា ខាងមុខនេះ។
សម្តេចតេជោ បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ កន្លងទៅ ដែលបានធ្វើការបំរើដល់បងប្អូនប្រជាពលរដ្ឋទូទំាងប្រទេសបានយ៉ាងល្អ ជាពិសេសគឺការរៀបចំ ឲ្យប្រជាពលរដ្ឋគ្រប់រូបបានចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩ ជាដើម។
សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា សម្តេចមិនបានភ្លេចនោះឡើយចំពោះសកម្មភាពនិងគុណបំណាច់របស់បងប្អូនប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេស ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់បំផុតចំពោះប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនពេលដែលប្រទេសកំពុងជួបនូវវិបត្តិកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអគុណជាថ្មីម្តងទៀតចំពោះក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាងបំរើដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋដោយមិនបានគិតអំពីនិន្នាការនយោបាយអ្វីនោះឡើយ ជាពិសេសក្នុងពេលដំណាក់កាលនៃការគ្រប់គ្រងមេរោគកូវីដ១៩ និងពេលចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះតែម្តង ខណៈការខិតខំរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នេះហើយ បានកាត់បន្ថយអាយុជីវិតរបស់ពលរដ្ឋខ្មែរយើងពីមេរោគកូវីដ១៩នោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមកិច្ចការដ៏ល្អ ក្នុងរយៈពេលនៃយុទ្ធនាការបោះឆ្នោត ដែលបានធ្វើឲ្យប្រទេសកម្ពុជាយើង ដំណើរការ យុទ្ធនាការរកសំឡេងឆ្នោតប្រព្រឹត្តទៅភាពស្ងប់ស្ងាត់ល្អ ដោយពុំមានបាតុភាពអ្វីកើតឡើងនោះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថ្លែងអំណរគុណចំពោះគ្រប់បណ្តាគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលបានចូលរួមអនុវត្តច្បាប់ ស្របទៅតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ហើយសម្តេចសង្ឃឹមថា គ្រប់គណបក្សនយោបាយទាំងអស់នឹងចូលរួមជាមួយគ្នាដើម្បីជោគជ័យនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាយើង ក្នុងពេលបោះឆ្នោតនាថ្ងៃអាទិត្យទី៥ ខែមិថុនា ខាងមុខនេះ។
សម្តេចតេជោ បានសម្តែងក្តីរំពឹងថា គ្រប់គណបក្សនយោបាយទាំងអស់គ្នា នឹងទទួលយកនូវលទ្ធផលការបោះឆ្នោត ដែលប្រជាជននឹងផ្តល់សម្រាប់យើងទាំងអស់គ្នា នាពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
