ត្បូងឃ្មុំ៖ ថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ឆ្នាំ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានក្រុមបក្ស សមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងខេត្តត្បូងឃ្មុំ។
ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា យុទ្ធនាការឃោសនាបោះឆ្នោតបានបញ្ចប់ប្រកបដោយភាពជោគជ័យ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋានទាំងអស់ទូទាំងខេត្តត្បូងឃ្មុំ ហើយប្រជាពលរដ្ឋ និងសមាជិកសមាជិកាបក្សទាំងអស់ បានគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតនេះ ឱ្យដំណើរការទៅដោយរលូន ដែលកាយវិការនេះ គឺបានបង្ហាញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋ និងសមាជិក សមាជិកាបក្សគ្រប់រូប ស្រលាញ់គាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋ ចង់បានការអភិវឌ្ឍលើគ្រប់វិស័យ ការលើកកម្ពស់ជីវភាពចង់ បានហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យបន្ថែមទៀត។
ឯកឧត្ដម បានបន្ថែមថា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក៏បានបង្ហាញអំពីការទទួលខុសត្រូវរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ បានថែរក្សាសន្តិសុខ សុវត្ថិភាពបានយ៉ាងល្អប្រសើរ ហើយដំណើរការនៃការឃោសនាបោះឆ្នោតនេះ ក៏បានបង្ហាញថាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស កំពុងតែមានភាពរឹងមាំស្ថិតស្ថេរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកថានេះជារបត់ដ៏ត្រឹមត្រូវ ដែលគណបក្សប្រជាជនកម្ពុជាបានប្រកាន់យក។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែក និងជាសេចក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន ដើម្បីប្រជាជន និងបន្តការដឹកនាំតទៅមុខទៀត សម្រាប់កូនចៅប្រជាពលរដ្ឋគ្រប់ជំនាន់នាពេលអនាគត។
ឯកឧត្តម មានសង្ឃឹមជឿជាក់ថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី០៥ នេះ នៅគ្រប់មូលដ្ឋានក្នុងខេត្តត្បូងឃ្មុំ ប្រជាពលរដ្ឋនឹងផ្ដល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែល មានក្រុមប្រឹក្សាឃុំរបស់បក្សនេះ តែងតែបម្រើ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ៕