ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ និងរំពឹងថា គណបក្សនយោបាយទាំងអស់ នឹងទទួលយកនូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលកាន់តែខិតជិតមកដល់ហើយនោះ ។
ក្នុងសារសំឡេងពិសេស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងអំណរគុណ ចំពោះគណបក្សនយោបាយទាំងអស់ នៅកម្ពុជា ដែលបានចូលរួមអនុវត្តច្បាប់ ស្របទៅតាមការណែនាំ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយសម្ដេចសង្ឃឹមថា គ្រប់គណបក្សនយោបាយ នឹងចូលរួមជាមួយគ្នា ដើម្បីជោគជ័យនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ខាងមុខ ។
សម្ដេចតេជោ បានបន្តថា មួយវិញទៀតរំពឹងថា គ្រប់គណបក្សនយោបាយទាំងអស់ នឹងទទួលយកនូវលទ្ធផលការបោះឆ្នោត ដែលប្រជាជននឹងផ្តល់សម្រាប់គណបក្សទាំងអស់គ្នា នាពេលប៉ុន្មានថ្ងៃខាងមុខនេះផងដែរ ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ ដល់សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលជិតអស់អាណត្តិ ហើយឆ្លងទៅអាណត្តិថ្មី នឹងមានមួយចំនួនអាចជាប់ឆ្នោតឡើងវិញ និងមួយចំនួនមិនបានឈរឈ្មោះ ឬមិនជាប់ឆ្នោតឡើងវិញ អរគុណសម្រាប់ការចូលរួមធ្វើកិច្ចការដ៏ល្អ ដើម្បីឲ្យប្រទេសជាតិរបស់យើង បានឆ្លងផុតពីវិបត្តិជំងឺកូវីដ-១៩ ។
គួរបញ្ជាក់ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ដោយមានគណបក្សនយោបាយចំនួន១៧ ចូលរួមឈរបោះឆ្នោត ៕
អត្ថបទ បាន សុខរិទ្ធិ ក្រាហ្វិច៖ ខ្ញុំព្រះករុណា សូមអរព្រះគុណ និងសូមអរគុណចំពោះបងប្អូនជនរួមជាតិ ដែលធ្វើឲ្យប្រទេសរបស់យើង ប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងរយៈពេលនៃយុទ្ធនាការយុទ្ធនាការបោះឆ្នោត ៕ អត្ថបទ ៖ សុខរិទ្ធ
