កណ្ដាល៖ ឯកឧត្តម ប្រាក់ សុខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្អាង ខេត្តកណ្ដាល បានថ្លែងថា ប្រជាពលរដ្ឋនៅទូទាំងប្រទេស កំពុងទទួលផល និងមានការរីកចម្រើនផ្នែកជីវភាព ពីការអនុវត្តនូវគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសដឹកនាំបិទយុទ្ធនាការឃោសនារកសម្លេងឆ្នោត នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅស្រុកស្អាង ឯកឧត្តម ប្រាក់ សុខុន មានប្រសាសន៍ថា ពលរដ្ឋទាំងអស់សុទ្ធតែដឹងហើយ ថាគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិ ប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិ ពីរបបប្រល័យពូជសាសន៍ រហូតមកដល់ដំណាក់កាលអភិវឌ្ឍ និងសន្តិភាពនាពេលបច្ចុប្បន្ន ដោយពុះពារឆ្លងកាត់ការលំបាកច្រើនរាប់មិនអស់ ឈានឆ្ពោះទៅមុខលើផ្លូវដ៏ត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន សម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខសាន្ត ក្រោមម្លប់នៃសន្តិភាព និងឯកភាពជាតិ ហើយរួមសាមគ្គីគ្នាជាធ្លុងមួយ យកអស់កម្លាំងកាយចិត្ត ដើម្បីអភិវឌ្ឍសង្គមជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ខ្លួន ដែលការរីកចម្រើនរបស់ជាតិ ការអនុវត្តគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ឆ្នាំ២០១៧ ២០២២ ទទួលនូវលទ្ធផលដ៏ល្អប្រសើរ ដែលធ្វើឲ្យគ្រប់ឃុំសង្កាត់ សុទ្ធតែមានការប្រែប្រួលថ្មីទាំងអស់ ។
ឯកឧត្តមប្រធានក្រុមការងារ បានបន្ថែមថា ភូមិ ឃុំ សង្កាត់ កាន់តែមានសុវត្ថិភាព ជីវភាពរបស់ប្រជាជនកាន់តែត្រូវបានលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យចាក់ឫស្សកាន់តែជ្រៅ ក្នុងមូលដ្ឋាន សិទ្ធិសេរីភាពរបស់ប្រជាជនត្រូវបានគោរព និងការពារយ៉ាងមុតមាំ ប្រជាជនគ្រប់ៗរូបបានទទួលផលប្រយោជន៍ពីគោលនយោបាយអភិវឌ្ឍឃុំសង្កាត់ ទាំងក្នុងការបង្កើត និងពង្រីកមុខរបរការងារ ការជំរុញវិស័យកសិកម្ម ការមិនយកពន្ធលើដីកសិកម្ម ដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងឃុំសង្កាត់ ការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាត និងអគ្គិសនីជាដើម ។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីការអភិវឌ្ឍ និងធ្វើឲ្យជីវភាពកាន់តែល្អប្រសើរ ៕ អត្ថបទ បាន សុខរិទ្ធិ







