បន្ទាយមានជ័យ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ថ្លែងថា គណបក្សប្រជាជនកម្ពុជាមានគោលដៅចម្បង គឺបន្តផ្តល់សុខសន្តិភាពជូនប្រជាពលរដ្ឋ។
ថ្លែងក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី៣ ខែមិថុនា នេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សមាជិកអចិន្រ្តៃយ៍នៃគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ក្រោមកិច្ចដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើ គ្រប់វិស័យនាពេលនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា មានគោលដៅចម្បងក្នុងការបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជំរុញការកសាងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យប្រកបដោយនិរន្តរភាព ដើមី្បថែរក្សា ការពារ រាល់ សមិទ្ធផលនៃសង្គមជាតិឲ្យបានគង់វង្ស។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវអោយ សមាជិកសមាជិកា គណបក្ស ប្រជាជន និងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ដែលមានឈ្មោះបោះឆ្នោត សូមអញ្ជើញ ទៅបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាដែលមានសញ្ញារូបទេវតាបាចផ្កាទៅតាមលំដាប់លេខរៀងនៃឃុំ-សង្កាត់ របស់ខ្លួន ដើមី្បគាំទ្របេក្ខភាពមេឃុំចៅសង្កាត់ក្នុងកិច្ចអភិវឌ្ឍបន្តបន្ទាប់ទៀត។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះក្រុមការងារគណ:ពង្រឹងចុះជួយ ខេត្តបន្ទាយមានជ័យ ដែលតែងតែជួយអភិវឌ្ឍបណ្តាភូមិ ឃុំ មានការអភិវឌ្ឍរីក ចម្រើនជារៀងរាល់ថ្ងៃ។
ពិធីបិទយុទ្ធនាការបោះឆ្នោត នៅខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនៅតាមដែន រដ្ឋបាល ឃុំ សង្កាត់របស់ខ្លួនយ៉ាងអធឹកអធម តាមរថយន្តតូច ធំ ម៉ូតូ និងម៉ូតូរ៉ឺម៉ក់ ជាច្រើនគ្រឿង ដោយមាន ការលាយឡំទៅនឹងសំឡេងឧឃោសនស័ព្ទប្រកបទៅដោយខ្លឹមសារអត្ថន័យនៃគោលនយោបាយរបស់គណបក្ស៕ អត្ថបទ ៖ ឧត្ដម




