ឥណ្ឌា៖ មូលនិធិកុមារអង្គការសហប្រជាជាតិ UNICEF ដែលជាដៃគូចែកចាយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺ COVID-19 បាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ឥណ្ឌាទំនងជាពន្យារពេលការចែកចាយវ៉ាក់សាំងរបស់ហ៊ុន AstraZeneca ទៅកាន់គម្រោង COVAX ដែលគាំទ្រដោយក្រុមសម្ព័ន្ធវ៉ាក់សាំង GAVI និងអង្គការសុខភាពពិភពលោក (WHO)។

UNICEF បាននិយាយនៅក្នុងអ៊ីម៉ែលថា ពួកយើងដឹងច្បាស់ថា ការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ក្នុងគម្រោង COVAX ទៅកាន់ប្រទេសមានប្រាក់ចំណូលទាប នឹងប្រឈមជាមួយនឹងការពន្យារពេល បន្ទាប់ពីដំណើរថយក្រោយនៃការទទួលបានអាជ្ញាប័ណ្ណ នាំចេញដូសបន្ថែមទៀតនៃវ៉ាក់សាំងបង្ការជំងឺ COVID-19 ផលិតដោយវិទ្យាស្ថានសេរ៉ាមឥណ្ឌា (SII) ដែលគេរំពឹងថានឹងដឹកជញ្ជូននៅក្នុងខែមីនា និងខែមេសាខាងមុខនេះ។ គម្រោង COVAXកំពុងពិភាក្សាការងារជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីធានាឲ្យបានការចែកចាយដំណើរការ ទៅលឿនតាមដែលអាចធ្វើទៅបាន។
ខណៈពេលនោះដែរ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃពុធថា ឥណ្ឌានឹងផ្អាកបណ្ដោះអាសន្នការនាំចេញសំខាន់ៗទាំងអស់ នៃវ៉ាក់សាំងក្រុមហ៊ុន AstraZeneca ផលិតបានដោយ SII ដែលជាកន្លែងផលិតវ៉ាក់សាំងធំជាងគេបំផុត នៅលើពិភពលោក។ UNICEF បាននិយាយផងដែរថា បណ្ដាប្រទេសដែលមាននៅក្នុងគម្រោង COVAX ត្រូវបានគេនិយាយប្រាប់ពីការផ្គត់ផ្គង់យឺតជាងការរំពឹងទុក នៃដូសវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ផលិតបាននៅកូរ៉េខាងត្បូង៕
អត្ថបទ៖ សារ៉ាត់