ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដោយមោទភាពថា យុទ្ធសាស្ត្រនៃការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ បាននាំឱ្យកម្ពុជាសម្រេចបានជោគជ័យ ជាពិសេសសម្រាប់ការបោះឆ្នោតនៅថ្ងៃស្អែកនេះតែម្តង។
នេះជាប្រសាសន៍លើកឡើងរបស់សម្តេច ខណៈបានអនុញ្ញាតឱ្យឯកឧត្តម Andres pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយម កណ្តាលអន្តរជាតិ(CDI)ចូលជួបសំដែងការគួរសម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២នេះ ។
នៅក្នុងជំនួបនេះ ឯកឧត្តម Andres pastrana បានមានប្រសាសន៍ថា ក្នុងនាមក្រុមគ្រួសារ ស៊ីឌីអាយ ឯកឧត្តម សូមគោរពសម្ដែងនូវមរណទុក្ខចំពោះការបាត់បង់ បងប្រុស របស់សម្ដេច ហើយក៏បានគោរពជម្រាបជូនសម្ដេចថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ដែលបានអញ្ជើញមកធ្វើជាអ្នកសង្កេតការណ៍សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ ២០២២នេះ។
ឯកឧត្តម បានបន្ថែមថា នេះជាលើកទី៣ហើយ ដែលឯកឧត្តមបានមកសង្កេតការណ៍មើលការបោះឆ្នោតនៅកម្ពុជា។លើកទី១ គឺនៅឆ្នាំ២០១៤ លើកទី២ឆ្នាំ២០១៨ និងលើកទី៣គឺនៅពេលនេះ។
ឯកឧត្តមក៏បានគោរពជូនពរឱ្យដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះ ដំណើរការទៅដោយរលូន និងជោគជ័យ។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណឯកឧត្តម Andres ចំពោះការចូលរួមរំលែកមរណទុក្ខ និងបានជម្រាបជូនឯកឧត្តម Andres អំពីដំណើរការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅកម្ពុជាដែលយកយុទ្ធសាស្ត្រផ្ការីក ចាក់ចេញពីរាជធានីភ្នំពេញនិងខេត្តកណ្តាលមុនគេដែលនាំឱ្យទទួលបានជោគជ័យ ជាពិសេស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃស្អែកនេះ។
សម្ដេចបានបន្តថាកម្ពុជាឥឡូវនេះមិនមានការឆ្លងកូវីដ-១៩ ជាង២០ថ្ងៃហើយ។ ជាទីបញ្ចប់សម្ដេចតេជោ ហ៊ុនសែន បានថ្លែងអំណរគុណដល់ឯកឧត្ដមAndres ដែលបានដឹកនាំប្រតិភូCDIមកសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានៅថ្ងៃស្អែកនេះ៕



