រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានដាក់កំហុសប្រទេសលោកខាងលិចកាលពីថ្ងៃសុក្រ សម្រាប់ការកើតមានឡើងវិបត្តិស្បៀងអាហារ និងថាមពលពិភពលោក ហើយបានលើកឡើងម្តងទៀតនូវការផ្តល់ឲ្យរបស់រដ្ឋាភិបាលលោក ក្នុងការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវានាំចេញគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន ប្រសិនបើគ្រាប់មីនត្រូវបានដោះចេញពីដែនទឹកនោះ។

លោកនិយាយថា ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមកលើរុស្ស៊ី នឹងធ្វើឱ្យទីផ្សារពិភពលោកកាន់តែមានវិបត្តិធ្ងន់ធ្ងរដោយការកាត់បន្ថយការប្រមូលផល និងជំរុញឱ្យតម្លៃកើនឡើង។ លោក Putin បានបន្ទោសគោលនយោបាយសហភាពអឺរ៉ុបដែលមើលឃើញខ្លីសម្រាប់ការវិនិយោគ មិនគ្រប់គ្រាន់ក្នុងការជំនួសការផ្គត់ផ្គង់ថាមពលជាប្រពៃណី និងការកើនឡើងតម្លៃ។ មេដឹកនាំវិមានក្រឹមឡាំងបាននិយាយថា រុស្ស៊ីមិនបានរារាំងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែននោះទេ ហើយប្រទេសលោកខាងលិចកំពុងប្រើរុស្ស៊ីឲ្យក្លាយជាអ្នកទទួលរងកំហុស សម្រាប់បញ្ហារបស់ខ្លួន។
លោក Putin បានសន្យាថា ប្រសិនបើគ្រាប់មីនត្រូវបានដោះនៅក្នុងដែនទឹក រុស្ស៊ីនឹងមិនវាយប្រហារលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិនោះទេ ហើយអាចនាំចេញពីកំពង់ផែ Berdyansk របស់អ៊ុយក្រែន ឬប្រទេសផ្សេងទៀតដូចជាបេឡារុសជាដើម ខណៈដែលកំពង់ផែ Berdyansk បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ជំហររបស់លោក Putin លើបញ្ហាទាំងនេះ ផ្ទុយនឹងការពន្យល់ដែលផ្តល់ដោយប្រទេសអ៊ុយក្រែន និងសម្ព័ន្ធមិត្ត៕
អត្ថបទ៖ ប៊ុនថន