អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីថ្ងៃសុក្របានថ្លែងទៅកាន់ប្រជាជាតិ ដែលប្រារព្ធការឈានចូលដល់ថ្ងៃទី100 នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក Zelenskyy ដាក់ឈ្មោះពាក្យដែលជាប់ទាក់ទងយ៉ាងទូលំទូលាយជាមួយសង្គ្រាមនៅអ៊ុយក្រែន។ «សន្តិភាព ជ័យជំនះ អ៊ុយក្រែន ជាពាក្យបីម៉ាត់ដែលយើងកំពុងប្រយុទ្ធដើម្បីទាមទារយក។ ប្រធានាធិបតីអ៊ុយក្រែនបានបញ្ចប់ការថ្លែងសុន្ទរកថារបស់លោកដោយសារនៃក្តីសង្ឃឹម។ នៅពេលថ្លែងសុន្ទរកថាលោក Zelenskyy ត្រូវបានចូលរួមដោយមន្ត្រីជាច្រើនរូបរបស់លោក រួមមានទាំងនាយករដ្ឋមន្ត្រីលោក Denys Shmyhal និងប្រធានការិយាល័យប្រធានាធិបតីលោក Andriy Yermak ។ លោកនិយាយថា យើងបានការពារអ៊ុយក្រែនអស់រយៈពេល 100ថ្ងៃរួចមកហើយ ជ័យជំនះនឹងក្លាយជារបស់យើង។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅពិនិត្យមើលមន្ទីរពេទ្យក្នុងទីក្រុង Kyiv កាលពីថ្ងៃសុក្រ និងបានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យអ៊ុយក្រែន សម្រាប់ការងារជួយសង្គ្រោះរបស់ពួកគេ។ លោក Zelenskyy បានទៅពិនិត្យមើលវិទ្យាស្ថានជាតិវះកាត់ និងប្តូរសរីរាង្គ Shalimov និងបានអបអរបុគ្គលិករបស់ខ្លួនក្នុងខួបលើកទី50 នៃវិទ្យាស្ថាននេះ។ លោកបាននិយាយទៅកាន់ទាហានអ៊ុយក្រែនដែលបានរងរបួសនៅក្នុងការប្រយុទ្ធ និងបាន ប្រគល់រង្វាន់រដ្ឋដល់និយោជិត និងគ្រូពេទ្យដែលបានជួយជនស៊ីវិលក្នុងអំឡុងពេលសង្គ្រាម៕
អត្ថបទ៖ ប៊ុនថន