តាកែវ៖ គ្រឿងញៀនជិត៦គីឡូ និងជនសង្ស័យចំនួន២នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវសហការជាមួយកងកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស បានចុះឃាត់ខ្លួននៅក្នុងខេត្តតាកែវម្នាក់ និងម្នាក់ទៀត នៅរាជធានីភ្នំពេញ ពាក់ព័ន្ធនិងការចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា មន្ត្រីការិយាល័យគ្រឿងញៀន របស់អាវុធហត្ថខេត្តតាកែវ កាលពីយប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅត្រង់ចំណុចភូមិពេជចង្វារ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោងខេត្តតាកែវ ដោយធ្វើការ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ចែម គីមស្រ៊ុន ភេទប្រុសអាយុ ២៧ឆ្នាំ រស់នៅកន្លែងកើតហេតុ នឹង ដកហូតវត្ថុតាង ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញៀន)បានចំនួន ០១កញ្ចប់ ទម្ងន់២៥,៩១ក្រាម ទូរស័ព្ទចំនួន០១គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ បានបន្តថា ក្រោយពីស្ដាប់ចម្លើយជនសង្ស័យខាងលើបានសារភាពថាខ្លួន ជាអ្នកដឹកជញ្ជូនគ្រឿងញៀនពីនារីម្នាក់ នៅម្ដុំផ្លូវបេតុង ស្ថិតក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងដោយបានការអនុញ្ញាតពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ក៏បានធ្វើការពន្លាតដែនសមត្ថកិច្ច ទៅរាជធានីភ្នំពេញ ដោយ សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងដោយបានការអនុញ្ញាតិពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផល ៖ ១-ចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះ ហេង ច្រឹប ភេទស្រីអាយុ៣១ឆ្នាំ ជនជាតិខ្មែរស្នាក់នៅផ្ទះជួលភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ២-ក្រាមពណ៌សថ្លា(ICE)ចំនួន០៥កញ្ចប់ទម្ងន់ប្រហែល៥០០ក្រាម ៣-ម៉ូតូចំនួន០១គ្រឿងម៉ាកឃ្លីកពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខPP-1IR-4377 ភ្នំពេញ ។និងបន្តទៅឆែកឆេរផ្ទះជួលរបស់ជនសង្ស័យឈ្មោះ ហេង ច្រឹប នៅវេលាម៉ោង១៥និង៤០នាទី ទទួលបានលទ្ធផល ៖ ១-ក្រាមពណ៌សថ្លា(ICE)ចំនួន០៥ដុំធំ ទម្ងន់ប្រហែល៥គីឡូក្រាម ,២-ស្លាកលេខរថយន្តចំនួន០៦ ស្មើនិង០៣រថយន្ត ។ នៅចំពោះមុខជនសង្ស័យបានទទួលស្គាល់វត្ថុតាងខាងលើពិតជារបស់ខ្លួនប្រាកដមែន ។
បើតាមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងការិយាល័យជំនាញ អាវុធហត្ថខេត្តតាកែវ ចាត់ការតាមនីតិវិធីបន្ត ៕
ដោយ៖គុជ វិភាគ




