កណ្តាល៖ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគ.ជ.ប អះអាងថា តាមការិយាល័យបោះឆ្នោតនីមួយៗបានត្រៀមរួចរាល់ឆ្លេីយតបចំពោះបញ្ហារំខានដោយសារអាកាសធាតុ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចុះពិនិត្យដំណើរការរៀបចំការិយាល័យបោះឆ្នោតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប ថ្លែងថា ស្របពេលថ្ងៃទី៥ ខែមិថុនា ស្អែកនេះ នឹងចាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-អាណ្ណត្តិទី៥ គ.ជ.ប បានចាត់ចែងមន្រ្តីបោះឆ្នោតទៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសរួចរាល់ ដើម្បីរៀបចំការិយាល័យបោះឆ្នោតឲ្យបានល្អប្រសើរ សម្រាប់ដំណើរការបោះឆ្នោតក្នុងឃុំ-សង្កាត់សរុបទាំង១,៦៥២ ឃុំ-សង្កាត់។
ឆ្លេីយតបសំនួរអ្នកសារព័ត៌មានជុំវិញបញ្ហារំខានដោយសារអាកាសធាតុ ឯកឧត្តម ប្រាជ្ញ ចន្ទ បញ្ជាក់ថា គ.ជ.ប នឹងរិះរកមធ្យោបាយគ្រប់បែបយ៉ាង តាមស្ថានភាពជាក់ស្តែង ដេីម្បីផ្តល់លទ្ធភាពពេញលេញដល់ដំណេីរការបោះឆ្នោត ជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ក្នុងដំណើរការបោះឆ្នោតឃុំ-សង្កាត់ស្អែកនេះ នឹងមានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិចូលរួនតាមដានការបោះឆ្នោតចំនួនសរុបចំនួនជាង៧ម៉ឺននាក់ និងភ្ញៀវបរទេសមកពីអឺរ៉ុបចំនួន៣ប្រទេស។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៥ ខែមិថុនាស្អែកនេះ នឹងចាប់ដំណើរការនៅវេលាម៉ោង៧ព្រឹក ដោយក្នុងចំណោមឃុំ-សង្កាត់សរុបចំនួន១,៦៥២ ឃុំ-សង្កាត់ មានការិយាល័យបោះឆ្នោតចំនួនជាង២ម៉ឺនការិយាល័យនៅទូទាំងប្រទេស។ ដើម្បីបោះឆ្នោតបាន សូមប្រជាពលរដ្ឋភ្ជាប់មកនូវឯកសារ ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណដែលចេញដោយគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត។






