កណ្ដាល ៖ គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោះនៅសាលាបឋមសិក្សាហ៊ុន សែន ខ្ពបវែង សង្កាត់កំពង់សំណាញ់ក្រុងតាខ្មៅ ខេត្តកណ្តាល នៅមុនម៉ោង៧ព្រឹកថ្ងៃទី៥ ខែមិថុនានេះ គឺបានរៀបចំការិយាល័យ បានល្អស្របតាមគោលការណ៍ណែនាំរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មុននឹងអនុញ្ញាតអោយបណ្តាពលរដ្ឋចូលបោះឆ្នោតនៅចាប់ពីម៉ោង៧ព្រឹក។
បើតាមលោក ចន វិចិត្រ អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់កំពង់សំណាញ់ បានថ្លែងប្រាប់BTV នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះថា នៅក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ គឺយើងតម្រូវអោយគ្រប់មន្ត្រីការិល័យបោះឆ្នោតទាំងអស់ បូករួមទាំងអ្នកសង្កេតការណ៍ជាតិអន្តរជាតិ គឺត្រូវមកជួបជុំគ្នានៅគ្នានៅម៉ោង៦ព្រឹក ដើម្បីរៀបចំការិយាល័យបោះឆ្នោតតាមទម្រង់ប្លង់ គ.ជ.ប បានកំណត់ និងទទួលសន្លឹកឆ្នោត ទទួលត្រា ពិសេសគឺត្រូវពិនិត្យផ្ទៀងផ្ទាត់ហឹបឆ្នោតទាំងអស់គ្នាមុន នឹងបិទគម្របចាក់សោកត់លេខសំងាត់ ទទួលពលរដ្ឋចូលទៅបោះឆ្នោត។
នៅក្នុងដំណើរការរៀបចំការបោះឆ្នោតនៅក្នុងសាលាបឋមសិក្សា ហ៊ុន សែន ខ្ពបវែងនេះដែរ គឺគេសំគាល់ឃើញមានបណ្តាប្រជាពលរដ្ឋមួយចំនួន គឺបាននាំគ្នាទៅឈររងចាំចូលបោះឆ្នោតតាំងពីមុនម៉ោង៧ ហើយមានកាន់ឯកសាះឆ្នោតដូចជា បណ្ណព័ត៌មានបោះឆ្នោត អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរប្រភេទថ្មី ហើយសម្រាប់អ្នកគ្មានអត្តសញ្ញាណបណ្ណ គឺបានយកបណ្ណឯកសារបញ្ជាក់អត្តសញ្ញាណបម្រើអោយការបោះឆ្នោត ឬបណ្ណ ឯ. អ ទៅបោះឆ្នោតបានត្រូវត្រឹម។
សូមបញ្ជាក់ថា នៅទូទាំងខេត្តកណ្តាល មានឃុំសង្កាត់ចំនួន១២៧ មានស្ថានីយ៍បោះឆ្នោតចំនួន ៥៦១ ស្ថានីយ៍ និងមានការិយាល័យបោះឆ្នោតចំនួន១៧៤៥ការិយាល័យ និងមានពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួនសរុប ៧៧ម៉ឺន៥៨០៤នាក់៕ អត្ថបទ ៖ សុខជា









