ភ្នំពេញ ៖ រដ្ឋាភិបាលចិន នឹងផ្តល់វ៉ាក់សាំងស៊ីណូហ្វាម ការពារមេរោគកូវីដ១៩ ដល់គណបក្សហ៊្វុនស៊ិនប៉ិច ចំនួន៣ពាន់ដូស ខណៈវ៉ាក់សាំងនេះ នឹងមកដល់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំនៅកម្ពុជា ដែលបានផ្ញើជូនគណបក្សនេះ ដែលទូរទស្សន៍ប៊ីធីវី ទទួលបាន នៅថ្ងៃទី២៥ ខែមីនានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ដើម្បីបង្កើនមិត្តភាពទ្វេភាគីរវាងគណបក្សកុម្មុយនិស្ត ចិន និងគណបក្សហ៊្វុនស៊ិនប៉ិច ឲ្យកាន់តែល្អប្រសើរទៀតនោះ រដ្ឋាភិបាលចិនបានសម្រេចផ្តល់នូវ វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៣ពាន់ដូសដល់គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចាក់ជូនដល់មន្ត្រីជាន់ខ្ពស់គណបក្សនេះ។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក៏បានប្រាប់ដល់គណបក្សហ៊្វុនស៊ិនប៉ិច សរសេរលិខិតមួយទៅកាន់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីធ្វើសំណើនៃការទទួលនូវវ៉ាក់សាំងនេះ ដែលគ្រោងនឹងមកដល់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះផងដែរ៕
អត្ថបទ ៖ បាន ចក់

