កំពត៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋក្នុងខេត្តកំពត បានទៅចូលរួមយ៉ាងផុសផុល គិតត្រឹមម៉ោង១២ថ្ងៃត្រង់នេះ ប្រជាពលរដ្ឋជាង ២៦ម៉ឺននាក់ ស្មើ៦៧ភាគរយហើយ បានទៅចូលរួមបោះឆ្នោត បានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ។ នេះបើតាមការឱ្យដឹងពីលោក តែ ជិនណារិទ្ធ ប្រធានគណៈកម្មការខេត្តរៀបចំការបោះឆ្នោត។
លោកបានបន្តថា ខេត្តកំពតមានការិយាល័យបោះឆ្នោតសរុបចំនួន ១.០៥០ការិយាល័យ ក្នុង ៩៣ឃុំ-សង្កាត់ និង៩ក្រុងស្រុ ក្នុងនោះដែរមន្ត្រីដែលប្រើប្រាស់ដើម្បីបំពេញការងារទាំង ១.០៥០ការិយាល័យមានចំនួន ៦.៣០០នាក់។
លោកប្រធាន បានបន្ថែមថា ការិយាល័យបោះឆ្នោតទាំងអស់ត្រូវបានបើកដំណើរការព្រមៗគ្នានៅម៉ោង៧ព្រឹក មកដល់ពេលនេះ ដំណើរការបោះឆ្នោតរលូន ចំណែកកត្តាអាកាសធាតុអំណោយផល ទើបធ្វើឱ្យប្រជាពលរដ្ឋមានការចូលរួមបោះឆ្នោតយ៉ាងផុសផុលនៅគ្រប់ការិយាល័យបោះឆ្នោតទាំងអស់។
ចំពោះការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោតនេះ តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងដែរថា កម្លាំងការពារសន្តិសុខសណ្តាប់ធ្នាប់ចាប់ពីយុទ្ធនាការឃោសនា រហូតដល់ពេលចប់នៃការបោះឆ្នោត គឺប្រើប្រាស់កម្លាំងសរុបចំនួន ២.២៤៨នាក់ លើ ១.០៥០ការិយាល័យ (កងកម្លាំងទាំងបីប្រភេទ) ក្នុងនោះកម្លាំងនគរបាលមានចំនួន ១.៤៤១នាក់ និងបន្ថែមកម្លាំងប្រជាការពារចំនួន ២៩១នាក់ផងដែរ៕









