ប៉ៃលិន៖ ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន រួមជាមួយប្រជាពលរដ្ឋ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី០៥ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ក្រុងទេព្យនិម្មិត ប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទូលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ី ឈាន បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានបំពេញកាតព្វកិច្ចរួចរាល់ ក្នុងនាមជាពលរដ្ឋមួយរូបសម្រាប់ឃុំ-សង្កាត់ និងរាជរដ្ឋាភិបាលកម្ពុជា។
ចំណែកលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតទាំងអស់ សូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងសម្រេចចិត្តឲ្យច្បាស់ដើម្បីជ្រើសរើសមេឃុំ-ចៅសង្កាត់ ដែលបងប្អូនស្រលាញ់គាំទ្រពេញចិត្តពេញថ្លើម ពិសេសបន្តអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។បើតាម លោក គង់ ជឺ អនុប្រធាន គ.ជ.ប ខេត្តប៉ៃលិន ឱ្យដឹងថា នៅទូទាំងខេត្តប៉ៃលិន មានគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតសរុបចំនួន ៥គណបក្ស មានពលរដ្ឋមានឈ្មោះ ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោត សរុបចំនួន ៤២២៦៤ និងមានការិយាល័យបោះឆ្នោតសរុប ១១៨ ការិយាល័យផងដែរ៕







