ភ្នំពេញ៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្យាឃុំ-សង្កាត់ អាណត្តិទី៥ ដែលចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បានបិទបញ្ចប់ហើយនៅរសៀលម៉ោង៣ នេះ ប្រកបដោយបរិយាល្អប្រសើរ និងគ្មានបាតុអ្វីកើតឡើងឡើយ។ ការិយាល័យបោះឆ្នោតទូទាំងប្រទេសកំពុងត្រៀមដើម្បីរាប់សន្លឹកឆ្នោត។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។ ទឹកខ្មៅលុបលាងមិនជ្រះ មានចំនួន ៥២.០០០ដប។
ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។












