ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) បានធ្វើសន្និសីទសារព័ត៌មានពីដំណើរការ និងបរិយាកាស នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ គ.ជ.ប បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានអ្នកបោះឆ្នោត ៩.២០៥.៦៨១នាក់ និងមានការិយាល័យបោះឆ្នោតសរុប ២៣.៦០២ការិយាល័យ។សន្លឹកឆ្នោតដែលត្រូវប្រើប្រាស់មានចំនួន ១១.៦១១.៤០០សន្លឹក និងសន្លឹកឆ្នោតបម្រុងជាង ១លាន ២សែនសន្លឹក (១.២៣៩.០០០សន្លឹក)។ ទឹកខ្មៅលុបលាងមិនជ្រះ មានចំនួន ៥២.០០០ដប។
ផ្អែកតាមរបាយការណ៍ផ្លូវការនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតដែលទទួលបានពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត គណបក្សនយោបាយ ចំនួន ១៧ និងមានបេក្ខជនសរុបចំនួន ៨៦.០៩២ នាក់ ក្នុងនោះស្រ្តីមានចំនួន ២៧.៨១៣ នាក់ ត្រូវបានចុះបញ្ជីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។






