ទួរគី៖ លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃអាទិត្យថា សហភាពអឺរ៉ុបកំពុងភ័យស្លន់ស្លោដោយសារតែជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។

លោក Erdogan បាននិយាយថា នៅពេលដែលប្រទេសរបស់លោកទទួលបានជោគជ័យ ក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់រយៈពេល ១១ឆ្នាំ ពួកលោកកំពុងឃ្លាំមើលភាពស្លន់ស្លោនៅក្នុងសហភាពអឺរ៉ុប ដោយសារវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។ ពួកលោកកំពុងបន់ស្រន់ឲ្យពិភពលោករួចផុតពីពេលវេលាដ៏អាក្រក់ ដែលកំពុងជួបប្រទះនៅពេលនេះ។ លោក Erdogan បានថ្លែងថា ពួកលោកកំពុងមើលឃើញភាពស្លន់ស្លោទូទាំងសហភាពអឺរ៉ុប ដោយនិយាយថា របបដែលលោកខាងលិចបង្កើតឡើងដើម្បីធានាសន្តិសុខ និងវិបុលភាពរបស់ខ្លួនកំពុងដួលរលំហើយ។
ប្រធានាធិបតីទួរគីរូបនេះបានសង្កត់ធ្ងន់ថា ទីក្រុងអង់ការ៉ាជំទាស់ការចូលជាសមាជិកណាតូរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែត ព្រោះខ្លួនមិនទទួលយកការអះអាងរបស់ប្រទេសទាំង២ ចំពោះទំនាក់ទំនងជាមួយក្រុមអ្នកតំណាងគណបក្សពលករឃើតខុសច្បាប់នៅក្នុងប្រទេសទួរគី។ កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់លោកប្រធានាធិបតីទួរគី លោក Ibrahim Kalin បាននិយាយថា ទួរគីយល់ពីជំហររបស់ប្រទេសនានាចំពោះរុស្ស៊ី ប៉ុន្តែទីក្រុងអង់ការ៉ាជឿថា ខ្លួននៅតែមានបំណងរក្សាទំនាក់ទំនងដោយបើកចំហជាមួយក្រុងមូស្គូ៕
អត្ថបទ៖ សុខមាន