បាល់ទាត់៖ អ្នកគាំទ្រវិស័យបាល់ទាត់ជាតិបានសម្ដែងក្ដីរីករាយ បន្ទាប់ពីរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចូលទស្សនាការប្រកួត ១០០% ឡើងវិញក្រោយស្ថានភាពធូរស្រាលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩។

នេះបើតាមការបញ្ជាក់ប្រាប់ក្រុមការងារ BTV-News អំឡុងពួកគេចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើតកាលពីរាត្រីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ តាមការលើកឡើងដដែលអ្នកគាំទ្រទាំងអស់បានសម្ដែងការសប្បាយចិត្ត ដែលរាជរដ្ឋាភិបាលបានយកឈ្នះលើជំងឺរាតត្បាតជាសកលកូវីដ-១៩ ហើយបានបើកឲ្យអ្នកគាំទ្រចូលទស្សនាការប្រកួត ១០០% ឡើងវិញ ទាំងការប្រកួតជម្រើសជាតិ និងលីគ។ តែយ៉ាងណាក្ដី ដោយសារសន្ទុះនៃការចូលរួមទស្សនាការប្រកួតមិត្តភាពអន្ដរជាតិរវាងកម្ពុជា និងទីម័រនៅមានកម្រិត ពួកគេបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងយុវជនចូលរួមសកម្មភាពគាំទ្រនេះឲ្យបានផុសផុសឡើងវិញ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា ក្នុងជំនួបមិត្តភាពអន្ដរជាតិដែលក្រុមគោព្រៃកម្ពុជា បានយកឈ្នះក្រុមភ្ញៀវទីម័រខាងកើត ២-១ កាលពីយប់មិញគឺមានអ្នកគាំទ្រចូលទស្សនាផ្ទាល់ចំនួន ១៧,៥០០នាក់។ ប៉ុន្ដែចំនួននេះបើធៀបនឹងទៅកៅអីសរុបនៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺនៅមានកម្រិតទាបនៅឡើយ។ អាស្រ័យហេតុនេះ អ្នកគាំទ្រដែលបានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ BTV-News សង្ឃឹមថា ការប្រកួតក្រោយៗនឹងមានអ្នកចូលទស្សនាផ្ទាល់កាន់តែច្រើនកុះករថែមទៀត៕
អត្ថបទ៖ លី ឈុនឡា