នីហ្ស៊េរីយ៉ា៖ ក្រុមក្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ និងបំផ្ទុះគ្រឿងផ្ទុះសម្លាប់មនុស្សរាប់សិបនាក់ នៅព្រះវិហារកាតូល្លិកមួយកន្លែងក្នុងប្រទេសនីហ្ស៊េរីយ៉ាភាគនិរតី។

អំពើហិង្សានេះបានកើតឡើង ខណៈក្រុមអ្នកបួងសួងបានប្រមូលផ្ដុំគ្នានៅព្រះវិហារកាតូល្លិកសេន ហ្វ្រង់ស៊ីស (St Francis Catholic Church) ក្នុងរដ្ឋ Ondo កាលពីថ្ងៃអាទិត្យ។ ក្នុងចំណោមអ្នកស្លាប់មានកុមារជាច្រើននាក់ផងដែរ។ លោក Adelegbe Timileyin តំណាងឲ្យទីក្រុង Owo ជាកន្លែងកើតហេតុបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៥០នាក់បានស្លាប់។

វេជ្ជបណ្ឌិតមួយរូបនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Owo បាននិយាយថា សាកសពជិត ៥០នាក់ត្រូវបានយកចេញពីមណ្ឌលសុខភាពសហព័ន្ធ និងមន្ទីរពេទ្យកាតូល្លិកសេនល្វីសរបស់ទីក្រុង Owo។ ក្រុមអាជ្ញាធរពុំបានបញ្ជាក់ភ្លាមៗពីចំនួនអ្នកស្លាប់សរុបផ្លូវការនោះទេ។ ហើយក៏ពុំទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ ការវាយប្រហារកាលពីថ្ងៃអាទិត្យនោះទេ៕
អត្ថបទ៖ សុខមាន