វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានបន្តពន្លាតកំណត់ត្រារបស់ខ្លួនក្នុងនាមជាកំពូលកីឡាករវាយកូនបាល់នៅលើទីលានដីក្រហម បន្ទាប់ពីយកឈ្នះកីឡាករណ័រវេយ Casper Ruud នៅវគ្គផ្តាច់ព្រ័ត្រដើម្បីលើកពាន French Open លើកទី១៤។

កីឡាករអេស្ប៉ាញវ័យ ៣៦ឆ្នាំរូបនេះបានយកឈ្នះ Casper Ruud ដោយលទ្ធផល ៣សិតផ្ទួនៗ ៦-៣, ៦-៣ និង ៦-០ ដើម្បីពន្លាតកំណត់ត្រាកីឡាករដែលឈ្នះជើងឯក Grand Slam ច្រើនជាងគេសរុប ២២លើក។ មានន័យថា Nadal មានពាន Grand Slam ច្រើនជាងគេ ២លើកគឺកីឡាករ Roger Federer និង Novak Djokovic ដែលឈ្នះ ២០លើកដូចគ្នា។ គិតមកដល់ពេលនេះ Rafael Nadal ដែលធ្លាប់ចាញ់ Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំមុន មានស្ថិតិប្រកួតនៅ French Open សរុប ១១៥លើក ឈ្នះ ១១២លើក ចាញ់តែ ៣លើកប៉ុណ្ណោះ។
ពីរថ្ងៃបន្ទាប់ពីថ្ងៃកំណើតឈានចូលវ័យ ៣៦ឆ្នាំ Rafael Nadal ក៏បានក្លាយកីឡាករមានវ័យចំណាស់បំផុតដែលឈ្នះជើងឯក French Open បន្ទាប់ពីកីឡាករអេស្ប៉ាញ Andres Gimeno ធ្លាប់ឈ្នះកាលពីឆ្នាំ១៩៧២ ក្នុងវ័យ ៣៤ឆ្នាំ។ រីឯកីឡាករវ័យ ២៣ឆ្នាំណ័រវេយ Casper Ruud ដែលបានឈានឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam លើកដំបូងនោះគឺជាលើកដំបូងក្នុងអាជីពដែលបានជួបជាមួយ Rafael Nadal៕
អត្ថបទ៖នាង សុភាវុធ