ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ក្រុមជួរមុខ និងក្រុមគោលដៅអាទិភាព ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះតទៅ ដើម្បីបន្តចូលរួមទប់ស្កាត់ការចម្លងនៃជំងឺកូវីដ-១៩ ។
លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេស បានអំពាវនាវឲ្យថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាព ដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ រួចហើយ មានគម្លាតយ៉ាងតិច ៣ខែឡើងទៅ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៥ ឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ តទៅ នៅតាមទីតាំងដែលក្រសួងសុខាភិបាលបានកំណត់។
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា ការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩ ដូសទី៥ គឺដើម្បីជួយបង្កើននូវភាពស៊ាំក្នុងរាង្គកាយរបស់បុគ្គលផង និងរក្សាបានភាពស៊ាំយ៉ាងរឹងមាំក្នុងសហគមន៍កម្ពុជាផងដែរ។
លោកជំទាវថា ការចាក់វ៉ាក់សាំងដូសទី៥ ក៏ដើម្បីបន្តចូលរួមទប់ស្កាត់ការវាយលុកពីវីរុសកូវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មីៗ ខណៈស្ថានភាពឆ្លងនៃជំងឺរាតត្បាតនេះនៅលើពិភពលោកមិនធូរស្រាលនៅឡើយ៕