មីយ៉ាន់ម៉ា៖ កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ក្មេងស្រីអាយុ ៧ឆ្នាំម្នាក់ដែលកំពុងអង្គុយលើភ្លៅឪពុករបស់នាង នៅទីក្រុងម៉ាន់ដាឡេកាលពីថ្ងៃអង្គារ ធ្វើឲ្យក្មេងស្រីម្នាក់នេះក្លាយជាជនរងគ្រោះវ័យក្មេងជាងគេបំផុត អំឡុងវិធានការបង្ក្រាបបង្ហូរឈាមរបស់យោធា មកលើជនស៊ីវិលប្រឆាំងការធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅ ហើយការស្លាប់របស់ក្មេងស្រីម្នាក់នេះ បានធ្វើឲ្យមានកូដកម្មស្ងៀមស្ងាត់នៅទូទាំងប្រទេសផងដែរ។

ក្មេងស្រីម្នាក់នេះត្រូវបានសម្លាប់នៅក្នុងផ្ទះរបស់នាង អំឡុងការវាយឆ្មក់របស់យោធា។ សារព័ត៌មានក្នុងស្រុក Myanmar Now បានរាយការណ៍ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ឃីន ម្យ៉ូ ឈីត ត្រូវបានបាញ់សម្លាប់ពេលនាង កំពុងអង្គុយលើភ្លៅឪពុករបស់នាង ក្រោយពេលកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាទម្លុះទ្វារផ្ទះរបស់ពួកគេ។ កាសែត Myanmar Now បានដកស្រង់សម្តីបងស្រីក្មេងរងគ្រោះថា ទាហានបានសួរឪពុករបស់នាងថា តើសមាជិកក្នុងគ្រួសារមាននៅផ្ទះអត់? ពេលដែលគាត់ឆ្លើយថា អត់ ពួកគេបានចោទថា លោកកុហក ក៏បាញ់ប្រហារមកលើលោកតែម្តង តែបែរជាត្រូវចំកូនស្រីជំនួសវិញ។ ការសម្លាប់កូនក្មេងនៅក្នុងដៃឪពុក បញ្ជាក់យ៉ាងច្បាស់ពីការបំពានទាំងកម្រោល និងការប្រើប្រាស់អំពើហិង្សាដោយរើសអើង ពីសំណាក់កងកម្លាំងសន្តិសុខសហភាពមីយ៉ាន់ម៉ា ដែលមានគោលដៅមិនត្រឹមតែបាតុករគ្មានអាវុធក្នុងដៃប៉ុណ្ណោះទេ តែជាអ្នកថ្មើរជើង ជនស៊ីវិលនៅតាមផ្ទះ និងកុមារផងដែរ។
សហភាពមីយ៉ាន់ម៉ាបានធ្លាក់ ក្នុងស្ថានភាពនយោបាយដ៏ច្របូកច្របល់ ពេលដែលយោធា ដឹកនាំដោយលោកឧត្តមសេនីយ៍ មីន អ៊ុងលាំង រឹបអូសអំណាចកាលពីខែមុន ដោយផ្តួលរំលំរដ្ឋាភិបាលឈ្នះឆ្នោត ឃុំខ្លួនមេដឹកនាំស៊ីវិល និងជាម្ចាស់ជ័យលាភីណូបែលសន្តិភាព លោកស្រី អ៊ុងសាន ស៊ូជី ក៏ដូចជាបង្កើតរបបយោធាឡើងវិញ។ ការធ្វើបាតុកម្ម និងកូដកម្មប្រឆាំងនឹងរដ្ឋប្រហារ បានផ្ទុះឡើងចាប់តាំងពីពេលនោះមក ប៉ុន្តែត្រូវបានបង្ក្រាបយ៉ាងចាស់ដៃដោយកងកម្លាំងសន្តិសុខ និងយោធាមីយ៉ាន់ម៉ា ជាមួយនឹងការបាញ់គ្រាប់កាំភ្លើងពិត និងការធ្វើទារុណកម្មមកលើអ្នកទោសនយោបាយ។ ថ្វីត្បិតតែមានគ្រោះថ្នាក់បែបនេះយ៉ាងណាក្តី មនុស្សរាប់សែននាក់នៅទូទាំងប្រទេសបានបន្តការតវ៉ា។ កាលពីថ្ងៃពុធ ក្រុមបាតុករអំពាវនាវឲ្យមានការធ្វើកូដកម្មដោយស្ងប់ស្ងៀម ដោយមានគោលដៅបិទទីក្រុងទាំងមូល។ សូមបញ្ជាក់ថា មនុស្សយ៉ាងហោច ២៧៥នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារយោធា ថ្វីត្បិតតែក្រុមសកម្មជនអះអាងថា ចំនួនមនុស្សស្លាប់អាចនឹងច្រើនជាងនេះក៏ដោយ៕
អត្ថបទ៖ សារ៉ាត់