វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Iga Swiatek បានគ្រងជើងឯក Grand Slam លើកទី២ ក្នុងអាជីពក្រោយយកឈ្នះកីឡាការិនីអាមេរិក Coco Gauff នៅវគ្គផ្តាច់ព្រ័ត្រ French Open។

កីឡាការិនីប៉ូឡូញវ័យ ២១ឆ្នាំរូបនេះហាក់មិនពិបាកឡើយ នៅពេលជួបគូប្រកួតកីឡាការិនីវ័យក្មេងអាមេរិកទើបតែ ១៨ឆ្នាំ Coco Gauff ដោយយកឈ្នះក្នុងលទ្ធផល ២សិតផ្ទួនៗ ៦-១ និង ៦-៣។ Coco Gauff បានមកដល់វគ្គនេះគឺជាលើកដំបូងក្នុងអាជីពរបស់នាងផងដែរ ដែលឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ Grand Slam។ សំរាប់ Iga Swiatek ដែលឈ្នះជើងឯក Grand Slam ដំបូងរបស់នាងកាលពីឆ្នាំ២០២០ នៅ French Open នេះដែរនោះក៏បានតាមស្មើកំណត់ត្រារបស់ Venus Williams ផងដែរក្នុងការរកបានជ័យជំនះ ៣៥ប្រកួតជាប់គ្នា។
ក្នុងចំណោម ៣៥ប្រកួតជាប់គ្នានេះ Iga Swiatek ក្រៅពីឈ្នះពាន French Open នេះ នាងថែមទាំងឈ្នះពាននៅក្នុងក្របខណ្ឌ WTA ចំនួន ៥កម្មវិធីផ្សេងទៀតផងដែររួមមាននៅ Doha, Indian Wells, Miami, Stuttgart និង Rome ដែលធ្វើឱ្យនាងឡើងមកកាន់កាប់តំណែងលេខ ១ ពិភពលោក ស្របពេលដែលកីឡាការិនីអូស្ត្រាលី Ashleigh Barty ប្រកាសចូលនិវត្តន៍គួរឱ្យភ្ញាក់ផ្អើល៕
អត្ថបទ៖នាង សុភាវុធ