ភ្នំពេញ៖ ចាប់ផ្ដើមពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ពេលបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គ្រប់យ៉ាងគឺមានដំណើរការល្អប្រសើរ ពុំមានការភិតភ័យ រឺភាពចលាចលជាអវិជ្ជមានណាមួយកើតឡើងនោះទេ។ នេះជាការបញ្ជាក់របស់ប្រជាពលរដ្ឋរស់នៅ ខណ្ឌច្បារអំពៅ។
ការឃោសនាបោះឆ្នោត ក៏ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២២ បានបញ្ចប់ដោយភាពរលូនស្ងប់ស្ងាត់ ពុំមានការបង្ខិតបង្ខំ រឺភាពចលាចលអវិជ្ជមានណាមួយកើតឡើងនោះទេ។ នេះជាការបញ្ជាក់របស់ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌ ច្បារអំពៅ ដែលធ្លាប់ចូលរួមបោះឆ្នោតតាំងពីឆ្នាំ១៩៩ ៣មកម្ល៉េះ។
ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ ពួកគាត់ក៏សប្បាយចិត្ត នៅពេលដែលគ្មានភាពចលាចលណាមួយកើតឡើងបែបនេះ។ ពួកគាត់ពេញចិត្តដែលប្រជាពលរដ្ឋមិនថា ជាអ្នកគាំទ្រគណបក្សណា ក៏នៅតែមានសមាគ្គីភាព ក្នុងនាមខ្មែរតែមួយ។ ក្រោយការបោះឆ្នោតនេះ ពួកគាត់ក៏សង្ឃឹមជឿជាក់ថា ថ្នាក់ដឹកនាំសង្កាត់ក្នុងអាណត្តិថ្មីនឹង បន្តការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ ២០២២ ដែលដំណើរការនៅថ្ងៃទី ៥ ខែមិថុនា ចាប់ពីវេលាម៉ោង ៧.០០ ព្រឹក ដល់ម៉ោង៣.00 រសៀល ទូទាំងប្រទេស គឺបញ្ចប់ដោយស្របច្បាប់ សន្តិសុខសុវត្ថិភាព មានសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា និងការគំរាមគំហែងនោះទេ។ នេះជាការបញ្ជាក់របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្រោយបញ្ចប់ការបោះឆ្នោតកាលពីម្សិលម៉ិញ។
ក្រោយបញ្ចប់ការបោះឆ្នោតភ្លាមៗ គជប ក៏បានប្រកាសពីលទ្ធបណ្តោះអាសន្ននៃចំនួនអ្នកចូលរួមបោះឆ្នោតឆ្នាំ២០២២នេះ ដោយបានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតគឺមានចំនួន ៧៧, ៩១% នៃចំនួនប្រជាពលរដ្ឋសរុបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួនជាង ៩លាននាក់។ តួលេខនេះ អាចនឹងមានការកើនឡើងបន្ថែមទៀតផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គជប៕ អត្ថបទ៖ គឹមហុក