ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ខែមិថុនានេះ សំគាល់ឃើញថា ទាំងភ្ញៀវទេសចរជាតិអន្តរជាតិ នៅរាជធានីភ្នំពេញ គឺបានបន្តចេញដើរកម្សាន្តសប្បាយរីករាយ និងគ្មានព្រួយបារម្ភ ភ័យខ្លាចអំពីបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។
បើតាមបណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលបានដើរកម្សាន្តនៅតាមមាត់ទន្លេ មុខព្រះបរមរាជវំាង បានថ្លែងប្រាប់ BTV ថា នៅថ្ងៃម្សិលមិញ ពួកគេក៏បានមើលឃើញអំពីដំណើរការរៀបចំការបោះឆ្នោតនៅតាមមណ្ឌលការបោះឆ្នោតមួយចំនួន ហើយមានការសប្បាយរីករាយ នឹងបានយល់ដឹងពីរបៀបដំណើរការបោះឆ្នោតនៅកម្ពុជា គឺមានពលរដ្ឋជាច្រើនបានអញ្ជើញទៅបោះឆ្នោត ហើយជាពិសេសបានឃើញអំពីរបៀបការរាប់សន្លឹកឆ្នោត ឃើញថា ដំណើរការល្អ ជារួមអ្វីដែលសំខាន់គឺក្រោយការបោះឆ្នោតយើងមើលឃើញពលរដ្ឋទាំងអស់គ្នាមានភាពសប្បាយរីករាយ ចេញដើរកម្សាន្ត ដោយគ្មានព្រួយបារម្ភ និងគ្មានការភ័យខ្លាចជាមួយនឹងសង្គមមានភាពស្ងាត់ស្ងៀមល្អ។
ដោយឡែកសម្រាប់ទេសចរ និងអ្នកប្រកបរបររកស៊ីក្នុងស្រុកវិញ នៅក្រោយការបោះឆ្នោតនេះ គឺពួកគេទាំងអស់គ្នា មានពេញចិត្ត នឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ដែលប្រកាសដោយគ.ជ.បនៅយប់មិញនេះ ដែលលទ្ធផលនេះ គឺជាមូលហេតុធ្វើអោយគេមានការសប្បាយរីករាយ និងនាំគ្នាបន្តចេញដើរកម្សាន្ត និងចេញប្រកបរបរអាជីវកម្មជាធម្មតា ហើយតាមការបោះឆ្នោតគេសង្ឃឹមថា មូលដ្ឋានរបស់គេបន្តការអភិវឌ្ឍរីកចំរើនថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥ ខែមិថុនា ម្សិលមិញនេះគឺមានពលរដ្ឋប្រមាណជាង ៧លាន១សែននាក់ ដែលស្នើនឹងជិត៨០% នៃ ចំនួនអ្នកបោះឆ្នោតសរុប បានអញ្ជើញទៅបោះឆ្នោត ក្នុងបរិយាកាសសេរី យុត្តិធម៌ និងគ្មានការគំរាមកំហែង៕អត្ថបទ ស៊ុម សុខជា