បាល់ទាត់៖ ក្រុមបាល់ទាត់ជំរើសជាតិវែលបានកក់កៅអីនៅ World Cup 2022 ប្រទេសកាតាហើយក្រោយយកឈ្នះអ៊ុយក្រែន ១-០ នៅវគ្គផ្តាច់ព្រ័ត្រ Play-Off នៅទីក្រុង Cardiff ប្រទេសវែល។

គ្រាប់បាល់ជ័យជំនះរបស់វែល គឺសំរេចដោយបាល់ចូលទីខ្លួនឯងរបស់ខ្សែប្រយុទ្ធអ៊ុយក្រែន Andriy Yarmolenko នៅនាទីទី៣៤។ ជ័យជំនះនេះបានបញ្ចប់ការទន្ទឹងរង់ចាំរយៈពេល ៦៤ឆ្នាំសំរាប់វែលដែលចង់បង្ហាញខ្លួននៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក បន្ទាប់ពីខកខានតាំងពីឆ្នាំ១៩៥៨។ អ៊ុយក្រែនឡើងមកដល់វគ្គនេះ បន្ទាប់ពីយកឈ្នះនៅទឹកដីស្កុតឡេនកាលពីថ្ងៃសុក្រសប្តាហ៍មុន និងជាជ័យជំនះដ៏ក្តុកក្តួលផងដែរសំរាប់អ៊ុយក្រែន ដែលប្រទេសកំពុងស្ថិតក្នុងភ្លើងសង្គ្រាម។

រំលឹកថា វែលបង្ហាញខ្លួននៅ World Cup លើកចុងក្រោយ និងជាលើកដំបូងរបស់ខ្លួនតាំងពីឆ្នាំ១៩៥៨ ហើយបន្ទាប់ពីពេលនោះមកវែលតែងតែខកចិត្តនៅវគ្គផ្តាច់ព្រ័ត្រ Play-Off ដែលរួមមានចាញ់ស្កុតឡេននៅឆ្នាំ១៩៧៧ និង ១៩៨៥ និងចាញ់រ៉ូម៉ានីនៅឆ្នាំ១៩៩៣។ វែលនឹងឡើងទៅក្នុងពូល B នៅ World Cup ទឹកដីកាតាឆ្នាំនេះរួមជាមួយអង់គ្លេស អ៊ីរ៉ង់ និងអាមេរិក៕
អត្ថបទ៖នាង សុភាវុធ