រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយថា សព្វាវុធបន្ថែមដែលផ្តល់ដោយប្រទេសលោកខាងលិចដល់អ៊ុយក្រែន នឹងអូសបន្លាយពេលជម្លោះយោធា។

លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុង Sochi ថា ជាទូទៅភាពច្របូកច្របល់ទាំងអស់នេះជុំវិញការផ្តល់អាវុធបន្ថែម តាមគំនិតរបស់លោកមានគោលដៅតែមួយ គឺដើម្បីអូសបន្លាយពេលជម្លោះប្រដាប់អាវុធឲ្យកាន់តែយូរតាមដែលអាចធ្វើទៅបាន។ មេដឹកនាំរុស្ស៊ីកំពុងប្រតិកម្មទៅនឹងផែនការរបស់សហរដ្ឋអាមេរិក ក្នុងការផ្គត់ផ្គង់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនដល់ទីក្រុងគីវ។
លោក Putin និយាយថា ការផ្គត់ផ្គង់ទាំងនេះទំនងជាមិនពង្រឹងឲ្យខ្លាំងដល់ភាគីអ៊ុយក្រែន ដែលមានរ៉ុក្កែតប្រភេទនេះពីមុនមកនោះទេ ហើយវាគ្រាន់តែបង្កើតការខាតបង់តែប៉ុណ្ណោះ។ លោក Putin និយាយថា ប្រសិនបើទីក្រុង Kyiv ទទួលបានរ៉ុក្កែតបាញ់រយៈចម្ងាយឆ្ងាយ ទីក្រុងមូស្គូនឹងធ្វើការសម្រេចដោយសមស្រប និងប្រើប្រាស់មធ្យោបាយនៃការបំផ្លាញរបស់យើងដែលមាន ដើម្បីវាយប្រហារទៅលើឧបករណ៍ទាំងនោះ៕
អត្ថបទ៖ ប៊ុនថន