បាល់ទាត់៖ ខ្សែការពារ Liverpool, Ibrahima Konate ត្រូវបានកោះហៅចូលក្រុមជំរើសជាតិបារាំងជាលើកដំបូង ដើម្បីជំនួសខ្សែការពារ Manchester United, Raphael Varane ដែលមានរបួស។

Raphael Varane បានរងរបួសអំឡុងការប្រកួតដែលបារាំងចាញ់ដាណឺម៉ាក ២-១ ប្រកួតដំបូងក្នុងពូលនៅក្របខណ្ឌ UEFA Nations League កាលពីយប់ថ្ងៃសុក្រ។ សហព័ន្ធបាល់ទាត់បារាំងបញ្ជាក់ថា Varane មានរបួសសាច់ដុំនៅភ្លៅខាងឆ្វេង។ ចំណែកឯ Ibrahima Konate បច្ចុប្បន្នវ័យ ២៣ឆ្នាំបានទទួលឱកាសនេះ ក៏បន្ទាប់ពីរដូវកាលដ៏ជោគជ័យមួយដែរជាមួយហង្សក្រហម Liverpool ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League តែចាញ់ Real Madrid បូករួមទាំងឈ្នះពានពីរនៅក្នុងស្រុករួមមាន FA Cup និង League Cup និងជាជើងឯករង English Premier League។
ការប្រកួតកាលពីថ្ងៃសុក្របារាំងបានរងបរាជ័យក្នុងទឹកដីខ្លួនឯង ក្រោមស្នាដៃដាណឺម៉ាកបើទោះជា Karim Benzema ជាអ្នករកបានគ្រាប់នាំមុខមុនក៏ដោយ។ ក្រុមបារាំងនឹងត្រូវជួបជាមួយម្ចាស់ផ្ទះក្រូអាស៊ីនៅយប់ថ្ងៃចន្ទនេះ មុនបន្តទៅទឹកដីអូទ្រីសនៅថ្ងៃទី១០ និងត្រលប់មកទទួលក្រូអាស៊ីវិញនៅថ្ងៃទី១៣៕
អត្ថបទ៖នាង សុភាវុធ