ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA កំពុងពង្រឹង និងជួយគាំទ្រលើវិស័យអាទិភាពដល់ប្រទេសកម្ពុជា ជាពិសេសការលើកទឹកចិត្តដល់ការបង្កើតនៃធុរកិច្ចថ្មី លើវិស័យបច្ចេកវិទ្យា ដើម្បីជាស្ពានសម្រាប់ជួយរុញសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិត។
លោក Rho Hyunjun នាយក ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA លើកឡើងនៅក្នុងរៀបចំកម្មវិធីបង្កើតទំនាក់ទំនងលើកទី២ មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នាចុងសប្តាហ៍កន្លងមកនេះថា គោលបំណងនៃកម្មវិធីរៀបចំឡើងដើម្បីជំរុញការសន្ទនា បង្កើត និងបង្កើនទំនាក់ទំនងធុរកិច្ចសក្តានុពលក្នុងចំណោមវិនិយោគិន និងអ្នកចាប់ផ្តើមអាជីវកម្មថ្មី នៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិននៅកម្ពុជា ដើម្បីជួយគាំទ្រដល់ប្រទេសកម្ពុជា លើវិស័យអាទិភាពចំនួនបួន ក្នុងនោះសម្រាប់វិស័យអប់រំ KOICA បានបង្កើតមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា ដើម្បីលើកទឹកចិត្តដល់ការបង្កើត និងការរីកចម្រើននៃធុរកិច្ចថ្មី ដែលផ្តោតលើវិស័យបច្ចេកវិទ្យា ដើម្បីជួយជំរុញសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យមានភាពរឹងមាំ និងប្រកបដោយភាពច្នៃប្រឌិត។
លោក Rho Hyunjun សង្ឃឹមថា ដែលផ្តោតលើវិស័យបច្ចេកវិទ្យា នឹងក្លាយទៅជាស្ពានសម្រាប់អ្នកចូលរួមទាំងអស់ដូចជា៖ ធុរកិច្ចថ្មី អ្នកជំនាញ ឧស្សាហកម្ម វិនិយោគិន មន្រ្តីរដ្ឋាភិបាល ដើម្បីស្វែងរកកិច្ចសហការ និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន ក្នុងគោលដៅធ្វើការរួមគ្នានាពេលខាងមុខ។
ជុំវិញការបង្កើតធុរកិច្ចថ្មីនេះ, លោក កៀន តាក់ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) មិនមែនបង្កើតឡើងសម្រាប់តែសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់និស្សិត សហគ្រិន ធុរកិច្ចថ្មី និងសហគមន៍ទាំងអស់ក្នុងប្រទេសកម្ពុជា អាចនឹងចាប់យកឱកាសនេះ ដើម្បីអភិវឌ្ឍឈានទៅមុខកាន់តែលឿន លើសមិទ្ធិផលដ៏ប្រសើរ ដែលយើងត្រូវតែការកិច្ចសហការនូវគ្រប់ភាគីពាក់ព័ន្ធ ជម្រុញកិច្ចដំណើរអភិវឌ្ឍនេះឲ្យកាន់ តែរីកចម្រើន។
ទាក់ទងការសិក្សាវិញ, លោកបណ្ឌិត ស៊្រុន សុវិឡា នាយកមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា បានបន្ថែមថា កម្មវិធីនេះដែលបង្កើតឡើង នៅក្នុងវិស័យអប់រំ គឺដើម្បីនាំយកវិស័យរបស់រដ្ឋាភិបាល ធុរកិច្ចថ្មី អ្នកជំនាញ និងវិនិយោគិន ឱ្យកាន់តែជិតស្និទ្ធជាមួយគ្នា និងរាល់ធុរជន និងសាធារណជនគ្រប់ទីកន្លែង ដែលមានបំណងប្រឡូកចូលក្នុងវិស័យធុរកិច្ចនេះ៕
អត្ថបទ៖ សុន រ៉ាឌី



