បាល់ទាត់៖ នៅសល់ ១ថ្ងៃទៀតប៉ុណ្ណោះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវចាប់ផ្ដើមយុទ្ធនាការប្រកួត ជម្រុះពានរង្វាន់បាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup 2023 របស់ខ្លួននៅប្រទេសឥណ្ឌា ខណៈប្រកួតបើកឆាកនឹងត្រូវជួបក្រុមម្ចាស់ផ្ទះមុនគេនាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។

ទន្ទឹមជាមួយនឹងការខិតជិតមកដល់នៃការប្រកួតនេះ គណៈកម្មការរៀបចំការប្រកួតរួមជាមួយបេក្ខភាពក្រុមចូលរួម ក៏បានសម្រេចធ្វើការផ្លាស់ប្ដូរពេលវេលាប្រកួតថ្មីផងដែរ ពិសេសសម្រាប់ម៉ោងពេលប្រកួតរបស់ក្រុមគោព្រៃកម្ពុជា ទាំង ៣ប្រកួតក្នុងពូល D នៃបេសកកម្មនេះបានកែប្រែថ្មីរួមមាន៖ ប្រកួតទី១ កម្ពុជាប៉ះម្ចាស់ផ្ទះឥណ្ឌាដែលគ្រោងជួបគ្នានាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី០៨ ខែមិថុនាស្អែកនេះបានប្ដូរទៅប្រកួតនាវេលាម៉ោង ១០៖០០នាទីយប់ ម៉ោងនៅកម្ពុជាវិញ។ ប្រកួតទី២ ដែលកម្ពុជាគ្រោងជួបហុងកុងនាវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃទី១១ ខែមិថុនា បានប្ដូរទៅប្រកួតនាវេលាម៉ោង ៦៖៣០នាទីល្ងាចម៉ោងនៅកម្ពុជាវិញ និងប្រកួតទី៣ ដែលកម្ពុជាត្រូវជួបអាហ្វហ្គានីស្ថាននាវេលាម៉ោង ៩៖៣០នាទីយប់ ថ្ងៃទី១៤ ខែមិថុនា បានប្ដូរមកប្រកួតនាវេលាម៉ោង ៦៖៣០នាទីម៉ោងនៅកម្ពុជាវិញ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅទីក្រុងកុលកាតា ប្រទេសឥណ្ឌាកាលពីថ្ងៃទី០៤ ខែមិថុនាកន្លងទៅ ដើម្បីចូលរួមប្រកួតជម្រុះជុំចុងក្រោយនៃពានរង្វាន់ AFC Asian Cup 2023 ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ដោយរាល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានៃព្រឹត្តិការណ៍នេះ នឹងមានការផ្សាយបន្ដផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV-News ៕
អត្ថបទ៖ លី ឈុនឡា