វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្កុតឡេន Andy Murray បានឆ្លងផុតជុំទី១ ហើយនៃព្រឹត្តិការណ៍ Grand Slam, U.S. Open តែត្រូវធ្វើការធ្ងន់ដោយត្រូវតាមពីក្រោយកីឡាករជប៉ុន Yoshihito Nishioka ២សិត។
កីឡាករជប៉ុន Nishioka បានយកឈ្នះ ២សិតដំបូង ៦-៤ និង ៦-៤ តែមិនធ្វើអោយកីឡាករវ័យ ៣៣ឆ្នាំ Andy Murray បាក់ទឹកចិត្តឡើយ។ Murray បានយកឈ្នះ ៣សិតផ្ទួនៗទាំងលំបាក ៧-៦(៧-៥), ៧-៦(៧-៤) និង ៦-៤។ ការប្រកួតត្រូវចំណាយពេលដល់ទៅ ៤ម៉ោង ៣៩នាទីទើបរកចាញ់ឈ្នះឃើញ ខណៈជុំបន្ត Andy Murray នឹងជួបជាមួយកីឡាករកាណាដា Felix-Auger Aliassime។
ងាកមកការប្រកួតផ្នែកនារីវិញ កីឡាការិនីអាមេរិក Serena Williams ដែលកំពុងស្វែងរកពាន Grand Slam លើកទី២៤ អោយស្នើនឹងកំណត់ត្រា Margaret Court នោះបានឆ្លងផុតជុំទី១ ហើយក្រោយយកឈ្នះកីឡាការិនីមិត្តរួមជាតិអាមេរិក Kristie Ahn។ កីឡាការិនីវ័យ ៣៨ឆ្នាំរូបនេះបានយកឈ្នះក្នុងលទ្ធផល ៧-៥ និង ៦-៣ ចំណាយពេល ១ម៉ោងកន្លះទំរាំយកឈ្នះកីឡាការិនីលំដាប់លេខ៩៦ ពិភពលោក Kristie Ahn។ Williams នឹងបន្តទៅជុំទី២ ដែលនឹងត្រូវជួបជាមួយកីឡាការិនីរុស្ស៊ី Margarita Gasparyan៕
អត្ថបទ៖នាង សុភាវុធ
