ហុកគី៖ ក្រុមកីឡាហុកគីនារីជម្រើសជាតិកម្ពុជាបរាជ័យ ក្រោមថ្វីដៃក្រុមកីឡាហុកគីនារីហុងកុងដោយលទ្ធផល ៥-០ ក្នុងជំនួបបើកឆាកវគ្គជម្រុះការប្រកួតជម្រុះកីឡាអាស៊ី Women’s Asian Games Qualifier 2022 កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។
ការប្រកួតនេះមានរយៈពេល ១ម៉ោងដោយបែងចែកជា ៤វគ្គក្នុងមួយវគ្គមាន ១៥នាទី។ សម្រាប់វគ្គទី១ ហុងកុង រកបាន ២គ្រាប់ វគ្គទី២ ពួកគេរកបាន ១គ្រាប់ មុនបន្ថែម ២គ្រាប់នៅវគ្គទី៣ ខណៈវគ្គទី៤ ពុំមានគ្រាប់កើតឡើងនោះទេ។ រីឯក្រុមកីឡាការិនីកម្ពុជាក៏បានព្យាយាមផងដែរ តែមិនអាចសម្រេចការស៊ុតលើក្រុមហុងកុងបានឡើយ។ សម្រាប់ប្រកួតបន្ទាប់ ក្រុមកីឡាហុកគីនារីកម្ពុជាតិនឹងត្រូវជួបក្រុមស្រីលង្កាវិញម្ដងនៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ នេះនៅទីក្រុង Jakarta ដដែល។
សម្រាប់បញ្ជាក់ថា យុទ្ធនាការប្រកួតជម្រុះកីឡាអាស៊ីផ្នែកកីឡាហុកគីនារីនេះគឺមាន ៧ក្រុមចូលរួម រួមមានកម្ពុជា សិង្ហបុរី កាហ្សាក់ស្ថាន ហុងកុង ស្រីលង្កា អូបេគីស្ថាន និងម្ចាស់ផ្ទះឥណ្ឌូណេស៊ី។ ចំពោះក្រុមដែលមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម ក្រោយធ្វើការប្រកួតវិលជុំនឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ Asian Games នៅទីក្រុង Hangzhou ប្រទេសចិន ដែលដំបូងឡើយគ្រោងរៀបចំនាខែកក្កដា ឆ្នាំ២០២២ តែដោយសារបញ្ហាកូវីដ-១៩ ម្ចាស់ផ្ទះចិនបានសម្រេចពន្យារពេលការប្រកួតនេះជាបណ្ដោះអាសន្នរហូតមកទល់បច្ចុប្បន្ន៕
អត្ថបទ៖ លី ឈុនឡា