សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden បានស្ដីបន្ទោសរុស្ស៊ីចំពោះវិបត្តិមួយផ្សេងទៀតដោយនិយាយថា ប្រទេសរបស់លោកប្រហែលមិនអាចផ្ដល់ការផ្គត់ផ្គង់ថាមពលអគ្គិសនី បានគ្រប់គ្រាន់តាមតម្រូវការរបស់អតិថិជនទេ។ លោកបានដាក់ការស្ដីបន្ទោសមួយផ្នែកបណ្ដាលមកពីជម្លោះនៅអ៊ុយក្រែនដែលនៅតែបន្ត។

លោក Biden បានប្រកាសអាសន្នផ្នែកថាមពលកាលពីថ្ងៃចន្ទដោយនិយាយថា សន្តិសុខជាតិ និងគុណភាពនៃជីវិតត្រូវបានរងគ្រោះថ្នាក់ដោយកង្វះខាតការផ្គត់ផ្គង់ថាមពល។ លោកបានយកច្បាប់ស្ដីពីការផលិតសម្រាប់វិស័យការពារជាតិមកប្រើប្រាស់ ដែលកាលពីដើមឡើយវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបំផុសផ្នែកឧស្សាហកម្ម ជាការឆ្លើយតបទៅនឹងសង្គ្រាមកូរ៉េ ដើម្បីបង្កើនការផលិតក្នុងស្រុកផ្នែកផ្ទាំងថាមពលពន្លឺព្រះអាទិត្យ និងប្រភេទថាមពលស្អាតផ្សេងទៀតក្នុងការបង្កើនការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីបម្រើសេចក្ដីត្រូវការ។
លោក Biden បាននិយាយនៅក្នុងសេចក្តីប្រកាសគ្រាអាសន្នរបស់លោកថា មានកត្តាជាច្រើនកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់ការផលិតអគ្គិសនីឱ្យបានគ្រប់គ្រាន់ ដើម្បីបម្រើតម្រូវការអតិថិជនដែលរំពឹងទុក។ កត្តាទាំងនេះរួមមានការរំខាននៃទីផ្សារថាមពល ដែលបណ្តាលមកពីការវាយលុករបស់រុស្ស៊ីចូលក្នុងប្រទេសអ៊ុយក្រែន និងបញ្ហាអាកាសធាតុដែលកាន់តែធ្ងន់ធ្ងរឡើង ដោយការប្រែប្រួលអាកាសធាតុ។ លោកប្រធានាធិបតីបានស្ដីបន្ទោសរុស្ស៊ី ជាដើមហេតុនាំឲ្យតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ និងការហក់ឡើងខ្ពស់នៃអតិផរណាមិនធ្លាប់មានក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ លោកក៏បាននិយាយផងដែរពីការកើនឡើងនៃវិបត្តិស្បៀងអាហារ ដោយសារតែជម្លោះរុស្ស៊ី-អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន