បាល់ទាត់៖ លោកព្រឹទ្ធាចារ្យបាល់ទាត់ ប៉ែន ផាត បានលើកឡើងថា បើវិស័យកីឡាបាល់ទាត់កម្ពុជាមិនរីកចម្រើន ពិសេសបើសិនកម្ពុជាមិនមានសន្ដិភាពនោះទេ ទំនងសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) មិនដង្ហែពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានតម្លៃមកកម្ពុជាដែរ។

ការលើកឡើងនេះ ស្របពេលពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup Trophy Tour នឹងត្រូវដង្ហែមកកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ បន្ទាប់ពីមានការអនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងមានការទទួលស្វាគមន៍ និងលើកពាននេះផ្ទាល់ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជានៅវិមានសន្ដិភាព។ បុរសវ័យ ៧៤ឆ្នាំ និងជាអតីតកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់កម្ពុជារូបនេះបានបញ្ជាក់ថា ដោយសារបាល់ទាត់កម្ពុជា ក៏ចាប់ផ្ដើមរីកចម្រើនពិសេសកត្ដាសន្ដិភាព ទើប FIFA អាចនាំយកពានរង្វាន់មាសសុទ្ធនេះមកតាំងបង្ហាញនៅកម្ពុជា មុនដាក់ឲ្យក្រុមខ្លាំងៗជុំវិញពិភពលោកធ្វើការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតានាចុងឆ្នាំ២០២២ ខាងមុខ។
គួរដឹងថា ពានរង្វាន់បាល់ទាត់ពិភពលោកនឹងដង្ហែមកដល់កម្ពុជានាវេលាម៉ោង ១០ព្រឹកថ្ងៃទី១៥ ខែមិថុនាសប្ដាហ៍ក្រោយ។ បន្ទាប់មកនឹងមានក្បួនដង្ហែពាននេះ ពីព្រលានយន្ដហោះអន្ដរជាតិភ្នំពេញមកកាន់វិមានសន្ដិភាព ដោយពិធីទទួលស្វាគមន៍ពានរង្វាន់បាល់ទាត់ពិភពលោកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី។ បន្ទាប់មកទៀតនឹងមានការនាំយកពានរង្វាន់បាល់ទាត់ពិភពលោកនេះ ទៅដាក់តាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ កន្លែងដែលកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបផ្ទាល់ជាមួយពានរង្វាន់បាល់ទាត់ពិភពលោកនេះ ចាប់ពីម៉ោង ១រសៀលរហូតដល់ម៉ោង ១០យប់ អមជាមួយតន្ដ្រីសម័យកំដរទៀតផង។
តាមរយៈនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជន-យុវនារី និងអ្នកស្នេហាវិស័យកីឡាបាល់ទាត់ចូលរួមព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ ដើម្បីអបអរសាទរ និងបង្ហាញនូវមោទនភាពជាតិ ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជានេះ៕
អត្ថបទ៖ លី ឈុនឡា