ចិន៖ សារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយនៅសន្និសីទសារព័ត៌មានថា សហគមន៍អន្តរជាតិចាំបាច់ត្រូវបង្កើតលក្ខខណ្ឌនានា ដើម្បីដោះស្រាយស្ថានភាពសកលដ៏ស្មុគស្មាញដែលបណ្ដាលមកពីវិបត្តិសង្គ្រាមអ៊ុយក្រែន។
ការអត្ថាធិប្បាយរបស់លោកផ្ដោតលើទង្វើររបស់ប្រទេសប៊ុលហ្គារី ម៉ាសេដូនីខាងជើង និងម៉ុនតេណេក្រូដែលបានបិទដែនអាកាសរបស់ខ្លួន រារាំងយន្តហោះរបស់ប្រមុខការទូតរុស្ស៊ីលោក Sergey Lavrov ដែលគ្រោងទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ី។ លោកបាននិយាយក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន TASS ថា លោកជឿថា វាចាំបាច់ណាស់ក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក្នុងគោលបំណងដោះស្រាយស្ថានភាពវិបត្តិដោយសន្តិវិធី សហគមន៍អន្តរជាតិគួរតែបង្កើតលក្ខខណ្ឌនានា ឈានទៅរកការចរចាបញ្ចប់ជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន។ លោក Zhao Lijian បានសង្កត់ធ្ងន់ថា យោងតាមផ្លូវការទូត ប្រទេសចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងបង្កើតឡើងដោយក្រុង Moscow និង Kiev ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។ យើងអំពាវនាវជំរុញឲ្យមានការចរចាសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន៕
អត្ថបទ៖ សុខមាន