កណ្ដាល៖ ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនានេះ បានអះអាងថា ពួកគេទៅបោះឆ្នោតដោយស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំ និងគំរាមកំហែង ពីភាគីណាទាំងអស់ ចំណែកនីតិវិធីនៃការបោះឆ្នោត កាន់តែងាយស្រួលជាងពេលមុនៗ និងបរិយាកាស នៃការបោះឆ្នោតប្រព្រឹត្តិទៅដោយល្អ។
ប្រជាពលរដ្ឋរស់នៅឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បាននិយាយថា ពួកគេ បានយល់ដឹងកាន់តែច្រើនពីរបៀបរបប នៃការឆ្នោត ពីមួយអាណត្តិទៅមួយអាណត្តិ ហើយតាមមណ្ឌលបោះឆ្នោត ក៏កាន់តែមានភាពល្អប្រសើរ ព្រោះគណៈកម្មការជាតិរៀបចំការបោះឆ្នោតក្នុងឃុំ រៀបចំបានល្អ អ្នកបោះឆ្នោត បោះដោយសេរី និងយុត្តិធម៌ ។
ពលរដ្ឋ បានបន្តថា នៅក្នុងមណ្ឌលពួកគេបោះឆ្នោត គ្មានសកម្មភាពបំភិតបំភ័យ ឬបង្កការរំខាន អ្វី ឡើយ ដោយពលរដ្ឋបោះឆ្នោតជូនគណបក្សនយោបាយ ដែលខ្លួនស្រឡាញ់ គ្មានការបង្ខិតបង្ខំ ស្ថិតក្នុង បរិយាកាសរៀបចំការពារសន្តិសុខ សណ្ដាប់ធ្នាប់បានល្អ និងមានអ្នកទៅបោះឆ្នោច្រើន ពីមួយអាណត្តិទៅ មួយអាណត្តិផងដែរ ។
ប្រជាពលរដ្ឋបានស្នើទៅក្រុមប្រឹក្សាឃុំកំពង់ស្វាយ ដែលបានជាប់ឆ្នោត បន្តជួយអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាបម្រើសេវាសាធារណៈនានា ឲ្យទាន់ពេលវេលា ឆាប់រហ័ស និងកាន់តែល្អប្រសើរ ព្រោះពួកគេមានជំនឿទុកចិត្ត ទើបនាំគ្នាបោះឆ្នោតជូន ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានគណបក្សនយោបាយចូលរួមចំនួន១៧ ដោយមានអ្នកចេញទៅបោះឆ្នោតជាង ៨០ភាគរយ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) គ្រោងនឹងប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី ២៦ ខែមិថុនា ខាងមុននេះ ។
ចំពោះលទ្ធផលនៃការបោះឆ្នោត ទោះ គ.ជ.ប ទើបប្រកាសជាបណ្ដោះអាសន្ន ប៉ុន្តែមានការប្រកាសគាំទ្រពីគណបក្សនយោបាយផ្សេងៗ រួមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយលើកឡើង ប្រហាក់ប្រហែលគ្នាថា ប្រព្រឹត្តិទៅដោយរលូនសេរីពហុបក្ស យុត្តិធម៌ គ្មានការគំរាមកំហែង គ្មានអំពើហិង្សា ធ្វើឡើងតាមបែបលទ្ធិប្រជាធិបតេយ្យ ៕អត្ថបទ បាន សុខរិទ្ធិ