ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែមិថុនានេះ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាប់ផ្តើមដំណើរការ ឡើងវិញហើយ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ ត្រូវបានបញ្ចប់។
លោកស្រីវេជ្ជបណ្ឌិត ទេព ចិន្តា អនុប្រធានមន្ទីរពេទ្យបង្អែកចតុមុខ នៅថ្ងៃនេះ បានប្រាប់BTVថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ចាប់ពីថ្ងៃនេះតទៅ ការចាក់វ៉ាក់សាំងជូនពលរដ្ឋ ត្រូវចាប់ផ្តើមដំណើការឡើងវិញនៅទូទាំងប្រទេស បន្ទាប់ពីឈប់សម្រាកបីថ្ងៃ អំឡុងពេលបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តិទី៥។
លោកស្រី បានឱ្យដឹងទៀតថា នៅថ្ងៃនេះ មិនសូវមានពលរដ្ឋច្រើនចូលចាក់វ៉ាក់សាំង ដូចមុនការ បោះឆ្នោតនោះទេ ដូច្នេះលោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យរួសរាន់ចូលចាក់វ៉ាក់សាំង ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺកូវីដ-១៩ បើទោះបីបច្ចុប្បន្ន ស្ថានភាពជំងឺកូវីដ-១៩ មានភាពល្អប្រសើរក្តី។
ពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅទីតាំងមន្ទីរពេទ្យបង្អែកចតុមុខ បានអះអាងថា ពួកគេនៅតែបន្ត អនុវត្តវិធានការណ៍សុខាភិបាល និងវិធានការបីកុំបីការពារ ជាអាទិភាព បើទោះជាបានចាក់វ៉ាក់សាំង ហើយក្ដី។
សម្រាប់ពលរដ្ឋមិនទាន់ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន និងដូសជំរុញ អាចទៅទទួលការចាក់វ៉ាក់សាំងនៅទីតាំងសុខាភិបាលសាធារណៈ ឬមូលដ្ឋានរស់នៅ ដែលរៀបចំដោយ អាជ្ញាធរមូលដ្ឋាន ត្រូវភ្ជាប់ទៅជាមួយអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ឬកាតចាក់វ៉ាក់សាំង ជាដើម៕ អត្ថបទ៖ ទូច សោភ័ណ