កណ្ដាល ៖ បន្ទាប់ពីក្រសួងសុខាភិបាលបានជូនដំណឹងអោយភូមិសាស្ត្រខេត្តរាជធានីចំនួន៥ កំណត់យកជាខេត្តភូមិសាស្ត្រត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគន្លាតសុវត្ថិភាព នៅថ្ងៃទី២៥ ខែមីនានេះ ការលក់ម៉ាស តាមទីសាធារណៈមួយចំនួននៅក្នុងទឹកដីខេត្តកណ្តាល មិនមានការដំឡើងថ្លៃនោះទេ ហើយសម្រាប់ការអនុវត្តកាតព្វកិច្ចពាក់ម៉ាសនេះដែរ អាជ្ញាធរមូលដ្ឋាន ចុះផ្សព្វផ្សាយជំរុញពលរដ្ឋត្រូវពាក់ម៉ាសជាចាំបាច់ នៅពេលចេញក្រៅផ្ទះផងដែរ។
បើតាមពលរដ្ឋលក់ម៉ាស នៅតាមផ្លូវសាធារណៈនៅក្នុងក្រុងតាខ្មៅ បានថ្លែងប្រាប់ BTV ថ្លែងថា ម៉ាសបច្ចុប្បន្ន គឺបាននិងកំពុងដាក់លក់ក្នុងតំលៃទាបបំផុតតែ៦០០០រៀល ក្នុងមួយប្រអប់៥០ម៉ាស ហើយការលក់ក្នុងតំលៃនេះ គឺបានធ្វើអោយពលរដ្ឋជាច្រើនបាននាំគ្នាទិញដោយមិនមានត្អូញត្អែរនោះទេ។
បើតាមលោក ជៀប ខូយ ចៅសង្កាត់តាខ្មៅ បានថ្លែងថា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងក្រសួងសុខាភិបាល ស្តីពីការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគន្លាតសុវត្ថិភាពនេះមក អាជ្ញាធរសង្កាត់តាខ្មៅ នឹងបង្កើនសកម្មភាពផ្សព្វផ្សាយវិធានការ៣កុំ ៣ការពារ មានចែកម៉ាសសម្រាប់អ្នកមិនពាក់ម៉ាស ហើយបើគេនៅតែរឹងរូសមិនពាក់ម៉ាសទៀតនោះ អាជ្ញាធរនឹងអនុវត្តវិធានការពិន័យជាប្រាក់ ហើយបើសម្រាប់អាជីវករ នឹងតម្រូវអោយបិទអាជីវកម្មជាបណ្តោះអាសន្នជាដើម។
សូមបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្នើគ្រប់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងសាធារណៈជន នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តសៀមរាប និងព្រៃវែង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ត្រូវតម្រូវអោយអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគន្លាតសុវត្ថិភាពស្របតាមប្រកាសលេខ ០៨១ស.នក.ប្រកចុះថ្ងៃទី២២ ខែមីនាឆ្នាំ២០២១៕
អត្ថបទ ស៊ុម សុខជា