ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងសម្រេចតាមចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខណៈការវាយតម្លៃលើសូវនាករសំខាន់ៗរបស់រាជរដ្ឋាភិបាល នឹងអាចឈានដល់គោលដៅកំណត់ជាបន្តបន្ទាប់ ជាពិសេសកំណើន GDP របស់ប្រជាជន បានកំពុងបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ថ្លែងលើកក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២២ ថា ជុំវិញការធ្វើជំរឿន និងអង្កេតជំរឿនកម្ពុជាបានអនុវត្តគោលការណ៍នេះជាច្រើន ជាពិសេសនៅក្នុងឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលបានធ្វើជំរឿ្ងនសេដ្ឋកិច្ចជាលើកទី២ ដែលការធ្វើជំរឿននេះមានសារៈសំខាន់ណាស់ គឺជារង្វាស់រង្វាល់មួយដែលមិនអាចអត់បាននោះឡើយ ដើម្បីវាស់វែងពីដំណើរការគោលដៅអភិវឌ្ឍន៍ឆ្នាំ ២០៣០។
លោកជំទាវ បន្តថា បើតាមការព្យាករណ៍ ជាពិសេសការកំណត់របស់ប្រមុខរាជរដ្ឋាភិបាល នៅឆ្នាំ ២០៣០ នឹងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ បច្ចុប្បន្នបានកំពុងបង្ហាញឲ្យឃើញជាបណ្តើរៗហើយ ក្នុងនោះតាមរយៈការគណនាសាកល្បងទៅលើកំណើន GDP ប្រជាជន ដោយការគណនានេះឃើញថា មានការប្រែប្រួលខ្លាំង ដែលរាជរដ្ឋាភិបាលអាចសង្ឃឹមថា នៅឆ្នាំ២០៣០ ប្រជាជនកម្ពុជា ក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ជាមិនខាន។
យោងតាមអង្គការសហប្រជាជាតិកំណត់ថា ប្រទេសដែលមានចំណូលទាបគឺប្រជាជននៃប្រទេសនោះ មានកំណើន GDP ក្រោម ១ពាន់ដុល្លារក្នុង ១ឆ្នាំ , ប្រទេសមានចំណូលមធ្យមកម្រិតទាប ប្រជាជនមាន GDP លើ ១ ពាន់ដុល្លារ និងប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ចំណូល GDP របស់ប្រជាជនចាប់ពីលើ ២ ពាន់ដុល្លារ ដល់ជាង ៣ ពាន់ដុល្លារ ក្នុង ១ឆ្នាំ។
សម្រាប់ប្រទេសកម្ពុជា បើតាមព្យាករណ៍ ចាប់ពីឆ្នាំ ២០២៥ ដល់ ២០៣០, ចំណូល GDP របស់ប្រជាជនកម្ពុជា នឹងអាចសម្រេចបានក្នុងរង្វង់ ២ ៤០០ ដុល្លារអាមេរិក ។
សូមបញ្ជាក់ថា៖ ជុំវិញកំណើនសេដ្ឋកិច្ច ក្នុងវិបត្តិជម្ងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវវិធានការអន្តរាគមន៍សមស្របដើម្បីឆ្លើយតបនឹងនិន្នាការថ្មីៗ ក៏ដូចជាគ្រប់គ្រងហានិភ័យដែលអាចកើតមាន, និងទាន់ពេលវេលា តាមរយៈការដាក់គោលនយោបាយ ដោយប្រទាក់ក្រឡា នូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ, គោលនយោបាយរូបិយវត្ថុជារចនាសម្ព័ន្ធ ដើម្បីសម្រេចឱ្យបាននូវការរក្សាលំនឹង និងជំរុញកំណើនសេដ្ឋកិច្ច។
ចំពោះមុខ, រាជរដ្ឋាភិបាលបានកំពុងដាក់ចេញ ការអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ ក្នុងគោលបំណង និងពង្រឹងសក្តានុពលនៃចន្ទល់កំណើនសេដ្ឋកិច្ចឱ្យរស់រវើក និងត្រឡប់ទៅកំណើនសក្តានុពល ប្រកបដោយចីរភាព និងបរិយាប័ន្ទ, ដើម្បីចាប់យកឱ្យបាននូវកាលានុវត្តភាពថ្មីៗ ដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល និងកសាងភាពធន់នៃសង្គម-សេដ្ឋកិច្ច៕អត្ថបទ៖ សុន រ៉ាឌី