បាល់ទាត់៖ ក្រុមបាល់ទាត់ប្រេស៊ីលបានបន្តរកបានជ័យជំនះមួយប្រកួតទៀត ក្នុងដំណើរប្រកួតមិត្តភាពនៅលើទឹកដីអាស៊ី ក្រោយស៊ុតបាល់ ១១ម៉ែត្រយកឈ្នះនៅទឹកដីជប៉ុន ១-០ នៅទីក្រុងតូក្យូ។

បាល់ពិន័យ ១១ម៉ែត្ររបស់ Neymar នៅនាទីទី៧៧ ជួយឱ្យប្រេស៊ីលយកឈ្នះនៅទឹកដីជប៉ុនដ៏តានតឹង នៅចំពោះមុខអ្នកគាំទ្រជាង ៦ម៉ឺននាក់។ នេះជាគ្រាប់ទី៧៤ របស់ Neymar ក្នុងការបង្ហាញខ្លួនសរុបឱ្យក្រុមជំរើសជាតិ ១១៩លើក ពោលគឺដេញពីក្រោយកំណត់ត្រារបស់ Pele តែ ៣គ្រាប់ប៉ុណ្ណោះដែលជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតឱ្យក្រុមជំរើសជាតិប្រេស៊ីល។ នេះជាជ័យជំនះ ២ប្រកួតផ្ទួនៗផងដែរសំរាប់ប្រេស៊ីលក្នុងដំណើរប្រកួតមិត្តភាពនៅលើទឹកដីអាស៊ី បន្ទាប់ពីទើបយកឈ្នះកូរ៉េ ៥-១ ផងដែរនៅទីក្រុងសេអ៊ូលសប្តាហ៍មុន។
ប្រេស៊ីលស្ថិតក្នុងពូល G នៅ World Cup ២០២២ ទឹកដីកាតាចុងឆ្នាំនេះរួមជាមួយស៊ែប ស្វ៊ីស និងកាមេរូន។ ចំណែកជប៉ុនស្ថិតក្នុងពូល E ជាមួយអាល្លឺម៉ង់ អេស្ប៉ាញ និងមួយក្រុមទៀតដែលឈ្នះពីការប្រកួត Play-Off អន្តរទ្វីបរវាងហុងឌុយរ៉ាស និងនូវែស៊ីឡង់៕
អត្ថបទ៖នាង សុភាវុធ