បាត់ដំបង៖ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានត្រៀមលក្ខណៈរួចរាល់សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ ដល់ក្រុមមន្រ្តីជួរមុខ និងក្រុមគោលដៅអាទិភាព ប្រមាណ ៨០០០នាក់ ចាប់ពីថ្ងៃទី៩ ខែមិថុនា នេះតទៅ។
លោកវេជ្ជបណ្ឌិត ចេង លីស៊ុនឃាង អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងទទួលបន្ទុកវ៉ាក់ សាំង បានប្រាប់BTVឱ្យដឹងថា ក្រុមគ្រូពេទ្យ កំពុងប្រមូលទិន្នន័យចំនួនមន្រ្តីរាជការតាមមន្ទីរ អង្គភាពនានា ជុំវិញខេត្ត ដើម្បីបែងចែកពេលវេលា និងទីតាំងចាក់ឱ្យបានត្រឹមត្រូវ ខណៈតាមការប៉ាន់ស្មាន មានក្រុម អាទិភាពប្រមាណ៨០០០នាក់ ដែលនឹងត្រូវចាក់វ៉ាក់សាំងដូសជំរុញទី៥ ចាប់ពីថ្ងៃទី៩ ខែមិថុនានេះ។
ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង អាយុចាប់ពី ១២ឆ្នាំឡើងទៅ មានជាង៥ម៉ឺននាក់ បានចាក់វ៉ាក់ សាំងដូសជំរុញទី៤រួចរាល់។ ចំណែកកុមារអាយុចាប់ពី៥ឆ្នាំ ដល់១១ឆ្នាំ ប្រមាណជិត១០ម៉ឺននាក់ បាន ចាក់ដូសជំរុញទី៣ និងកុមារអាយុចាប់ពី៣ឆ្នាំដល់ក្រោម៥ឆ្នាំ ជាង១ម៉ឺននាក់ បានចាក់វ៉ាក់សាំងដូសទី២ រួចរាល់៕អត្ថបទ៖ នឿត សុភក្ត្រ