ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន ៦ស្ថាប័ន ដែលបានចូលរួមសង្កេត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានអះអាងថា ដំណើរការបោះឆ្នោតថ្នាក់ក្រោមជាតិនេះ ប្រព្រឹត្តិទៅតាមបែបលទ្ធិប្រជាធិបតេយ្យ សេរី យត្តិធម៌ និងគ្មានភាពខុសប្រក្រតីកើតឡើង ។
អ្នកសង្កេតការណ៍អន្តរជាតិទាំង ៦ស្ថាប័ននោះ មានសមាគមន៍ខ្មែរនៅប្រទេសអូស្ត្រាលី, អន្តរសភាអាស៊ាន, អង្គការសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព, សហព័ន្ធសន្តិភាពសកល, អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (CAPDI) និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិឯករាជ្យ។
ស្ថាប័នទាំង៦ លើកឡើងថា ពួកគេបានបំពេញបេសកកម្មនៅកម្ពុជា និងទស្សនកិច្ចតាមស្ថានីយ៍បោះឆ្នោត ដើម្បីអង្កេតនូវស្ថាភាពបោះឆ្នោតជាទូទៅ និងការរាប់សន្លឹកឆ្នោត ហើយបើទោះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅមានភាពក្មេងខ្ចី តែរបបលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា អាចចាត់ទុកជាគំរូដ៏ល្អ សម្រាប់ប្រទេសក្រោយសង្គ្រាម ដែលប្រកាន់ខ្ជាប់នូវការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។
ពួកគេបន្តថា “ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅកម្ពុជា បានប្រព្រឹត្តិទៅដោយសន្តិវិធី និងរលូន ក្នុងលក្ខណៈសេរី ត្រឹមត្រូវ និងមានតម្លាភាព ដែលក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចូលរួម ដោយសេរី ក្នុងដំណើរការបោះឆ្នោតទាំងមូល មិនមានការរំខានណាមួយឡើយ” ។
អ្នកសង្កេតការណ៍អន្តរជាតិ បន្ថែមថា ជារួមការបោះឆ្នោតត្រូវបានរៀបចំដោយជោគជ័យ ក្នុងបរិយាកាសសេរី យុត្តិធម៌ បរិយាប័ន្ន សន្តិភាព តម្លាភាព សុវត្ថិភាព និងស្របតាមស្ដង់ដារ និងការអនុវត្តអន្តរជាតិ ដោយការប្រព្រឹត្តិទៅនៃការបោះឆ្នោតនេះ បានបង្ហាញពីបទពិសោធន៍ដ៏សន្ធឹកសន្ធាប់ ដែលកម្ពុជាទទួលបាន ក្នុងការរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាន និងសភាពក្នុងរយៈពេលជាងពីរទសវត្សរ៍។
ពួកគេបានចាត់ទុកថា ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់នេះ ថាជាសក្ខីភាពមួយទៀត ចំពោះវឌ្ឍនភាព នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងលទ្ធផលបោះឆ្នោតពិតជាឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនកម្ពុជា ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលទើបកន្លងទៅថ្មីៗនេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន បានចូលរួមសង្កេតទាំងអំឡុងពេលបោះឆ្នោត និងពេលរាប់សន្លឹកឆ្នោតផងដែរ៕ អត្ថបទ៖ បាន សុខរិទ្ធិ



