អាមេរិក៖ មន្ត្រីជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោនសង្ឃឹមថា ការស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) លើប្រភពដើមនៃការរីករាលដាលឆ្លងជំងឺ COVID-19 ត្រូវការការសិក្សាបន្ថែមទៀត ដោយផ្អែកលើវិទ្យាសាស្ត្រ ដែលរួមទាំងការវិលត្រឡប់ទៅកាន់ប្រទេសចិន ម្តងទៀតផងដែរ។

លោក ម៉ាក កាសសេរ៉េ ទទួលកិច្ចការបរទេសរបស់សហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ (UN) ស្ថិតក្នុងទីក្រុងហ្សឺណែវ បានបង្ហាញនូវក្តីសង្ឃឹមផងដែរថា បេសកកម្មដែលដឹកនាំដោយអង្គការ WHO ទៅកាន់ទីក្រុងភាគកណ្ដាលអ៊ូហាន ប្រទេសចិនកាលពីខែមករា-កុម្ភៈ បានចូលដល់ទិន្នន័យកម្រ និងចូលដល់មនុស្សដែលត្រូវការវាយតម្លៃ ដោយឯករាជ្យ។ របាយការណ៍ដ៏វែងអន្លាយរបស់អង្គការ WHO ដែលបានចងក្រងឡើងដោយក្រុមអ្នកជំនាញអន្តរជាតិ និងសមភាគីចិនគ្រោងនឹងចុះផ្សាយនៅក្នុងសប្ដាហ៍នេះ។ លោក កាសសេរ៉េ បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ពួកយើងសង្ឃឹមថា ប្រភពដើមជំងឺ COVID-19 នឹងផ្អែកលើវិទ្យាសាស្ត្រ និងក្លាយជាជំហានពិតប្រាកដមួយ ឲ្យពិភពលោកដឹងច្បាស់ពីដើមកំណើតនៃវីរុស ដើម្បីឲ្យពួកយើងអាចត្រៀមខ្លួនល្អប្រសើរជាងនេះ សម្រាប់ការរីករាលដាលឆ្លងសកលនាពេលអនាគត។
លោកបាននិយាយថា ក្រុមមន្ត្រីសហរដ្ឋអាមេរិកសង្ឃឹមថា ការងារបន្ថែមទៀតត្រូវការជាចាំបាច់ ដើម្បីបញ្ជាក់ពីប្រភពនៃវីរុស SARS-CoV-2។ គួរឲ្យដឹងថា ដំណើរការស៊ើបអង្កេតរកប្រភពដើមជំងឺ COVID-19 ត្រូវបានអាក់ខានដោយសារការពន្យារពេល ក្តីកង្វល់ពីការចូលដល់ទីតាំងសង្ស័យកើតវីរុស និងជម្លោះរវាងទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់ចិនថា បានព្យាយាមបិទបាំងវិសាលភាព នៃការរីករាលដាលឆ្លងដំបូង៕
អត្ថបទ៖ សារ៉ាត់