រុស្ស៊ី៖ ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារបានរាយការណ៍ថា កងកម្លាំងរបស់ខ្លួនបានគ្រប់គ្រងតំបន់លំនៅឋានទាំងស្រុងនៅក្នុងទីក្រុង Severodonetsk ដែលជាចំណុចមានការប្រយុទ្ធគ្នាខ្លាំងក្លា បន្ទាប់ពីទីក្រុង Kyiv និយាយថា កងកម្លាំងរបស់ខ្លួនបានកំពុងវាយប្រយុទ្ធនៅក្នុងតំបន់ឧស្សាហកម្មភាគខាងកើត ទោះបីជាកងកម្លាំងរុស្ស៊ីមានចំនួនច្រើនជាងក៏ដោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ីបានដណ្ដើមគ្រប់គ្រងផ្នែកសំខាន់ៗមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន។ យោងតាមលោក Shoigu កងកម្លាំងរុស្ស៊ីបានដណ្ដើមកាន់កាប់ជាង 97% នៃតំបន់ Luhansk។ លោក Sergei Shoigu បានប្រាប់កិច្ចប្រជុំក្រសួងការពារជាតិថា តំបន់លំនៅឋាននៃទីក្រុង Severodonetsk ត្រូវបានរំដោះទាំងស្រុង។ លោកបានបន្ថែមថា កងទ័ពរុស្ស៊ីនៅតែព្យាយាមដណ្ដើមគ្រប់គ្រងតំបន់ឧស្សាហកម្មរបស់ទីក្រុងនេះ និងតំបន់លំនៅឋាននានាដែលនៅជិតបំផុតនៃទីក្រុងនេះ ស្របពេលមានរបាយការណ៍ផ្ទុយគ្នាថា តើភាគីខាងណាកំពុងគ្រប់គ្រងតំបន់ណាខ្លះឲ្យប្រាកដ៕
អត្ថបទ៖ សុខមាន